ភ្នំពេញ៖ បច្ចុប្បន្នអាណាព្យាបាលមួយចំនួនពិសេសនៅរាជធានីភ្នំពេញ បានចាប់ផ្ដើមវេចខ្ចប់ម្ហូបអាហារ ក៏ដូចជាទឹកពិសារ សម្រាប់កូនទៅសិក្សាជារៀងរៀងរាល់ថ្ងៃ។ ការអនុវត្តនេះ គឺស្របទៅតាមគោលការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់សុវត្ថិភាពសុខភាពរបស់សិស្សនៅតាមគ្រឹះស្ថានសិក្សា។
សកម្មភាពវេចខ្ទប់ម្ហូបអាហារដល់កូនក្នុងពេលទៅសិក្សានៅសាលានេះ សង្កេតឃើញមានច្រើននៅតាមសាលាគំរូ បឋមសិក្សាចតុមុខ រាជធានីភ្នំពេញ ដោយសិស្សគ្រប់រូបសុទ្ធតែមានកញ្ចប់ម្ហូបអាហារពីផ្ទះ សម្រាប់បរិភោគ។
ក្នុងនាមជាអាណាព្យាបាល ដែលបានរៀបចំម្ហូបអាហារ ក៏ដូចជាទឹកពិសារសម្រាប់កូនមកសិក្សារៀងរាល់ថ្ងៃនេះអ្នកអាណាព្យាលបាលបានលើកឡើងថា សុខភាពរបស់កូន ជារឿងសំខាន់សម្រាប់អាណាព្យាបាលគ្រប់រូប។ ដូច្នេះទោះជារវល់យ៉ាងណាក្ដីក៏ត្រូវតែរៀបចំម្ហូបអាហារសម្រាប់កូនរៀងរាល់ថ្ងៃដែរ។
លោក សូ ធី នាយករងក្ដាប់រួមសាលាបឋមសិក្សាចតុមុខ លើកឡើងថា សាលាបានដាក់គោលការណ៍ និងមានការឯកភាពពីអាណាព្យាបាល ក្នុងរៀបចំម្ហូបអាហារសម្រាប់កូនមកសិក្សា។ សាលាបានគ្រប់គ្រងលើបញ្ហាសុខភាពរបស់សិស្ស ដោយមិនអនុញ្ញាតឱ្យសិស្សចេញទៅទិញចំណីអាហារនៅខាងក្រៅសាលានោះទេ ហើយសាលាក៏មិនទាន់បើកឱ្យមានការលក់ដូរក្នុងសាលាផងដែរ។
ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការលើកកម្ពស់សុវត្ថិភាពនៅតាមសាលារៀន ជាការងារអាទិភាព។ ការងារនេះ គឺទាមទារឱ្យគ្រប់គ្នាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន។
សូមជម្រាបថា ក្រសួងអប់រំបានចេញសេចក្ដីណែនាំពីចំណីអាហារហាមប្រាម ក្នុងការលក់ដូរក្នុងគ្រឹះស្ថានសិក្សា។ ចំណីអាហារដែលត្រូវបានហាមប្រាម ព្រោះវាអាចប៉ះពាល់ដល់សុខភាពនោះ គឺមាន ៦ប្រភេទ។ ចំណីអាហារទាំងនោះរួមមាន ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ និងចាហួយគ្រប់ប្រភេទ នំដូណាត់ និងនំផ្អែមជាដើម៕អត្ថបទ៖ គឹមហុក