ខ្សែបម្រើហូឡង់ Georginio Wijnaldum បានសំរេចក្នុងការផ្លាស់ចាកចេញពីក្លិបបារាំង Paris Saint Germain ទៅចូលរួមជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq នៅក្របខណ្ឌ Saudi Pro League ដែលកំពុងដឹកនាំដោយអតីតខ្សែបម្រើ Liverpool, Steven Gerrard។


កីឡាករវ័យ ៣២ ឆ្នាំរូបនេះនឹងចូលរួមជាមួយអតីតមិត្តរួមក្រុមនៅ Liverpool, Jordan Henderson ដែលផ្លាស់ទៅទីនោះកាលពីខែកក្កដា។
ក្លិបទាំងពីរមិនបានបង្ហាញពីតម្លៃលំអិតនៃកិច្ចសន្យាផ្ទេរនេះឡើយ។

Wijnaldum បានចំណាយពេលពេញមួយរដូវកាលមុននៅក្លិបអ៊ីតាលី AS Roma តែរបួសបាក់ជើងដែលធ្វើឱ្យអវត្តមានពីក្រុមជម្រើសជាតិហូឡង់នៅ World Cup ឆ្នាំមុន និងអវត្តមានពី Roma ៦ ខែនៃក្របខណ្ឌ Serie A។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះធ្លាប់ឈ្នះជើងឯក UEFA Champions League នៅឆ្នាំ ២០១៩ និង English Premier League នៅឆ្នាំ ២០២០ ជាមួយហង្សក្រហម Liverpool ក្នុងរយៈពេល ៥ ឆ្នាំនៃអាជីពនៅ Anfield។
អតីតខ្សែបម្រើ Newcastle រូបនេះធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហូឡង់ ៩០ លើក តែមិនជោគជ័យឡើយជាមួយ PSG ដោយបង្ហាញខ្លួនបានត្រឹម ៣៨ លើកប៉ុណ្ណោះ។
Al-Ettifaq ដែលកំពុងដឹកនាំដោយ Steven Gerrard កំពុងឈរលេខ ៥ ក្នុងតារាងនៃក្របខណ្ឌ Saudi Pro League ក្រោយចាប់រដូវកាលបាន ៥ ប្រកួត៕ អត្ថបទ៖នាង សុភាវុធ
