
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញមានបំណងបង្កើតឱ្យមានយន្តការរួមមួយ ដើម្បីរួមគ្នាអនុវត្តសេចក្តីណែនាំរួមឈានទៅកាត់ផ្តាច់ឱ្យបានជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យក្រសួងពាក់ព័ន្ធទាំងអស់ ជួយរែកពន្ធជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសនៅតាមរោងចក្រ សហគ្រាសនានានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខណៈដែលនៅតាមរោងចក្រ សហគ្រាសមួយចំនួនបាននឹងកំពុងរីករាលដាលជំងឺឆ្លងដ៏កាចសាហាវនេះ មិនឈប់ឈរសោះ។ ការស្នើឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានធ្វើឡើងនាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេងផ្ទាល់ជាមួយក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា ហៅថា GMAC និងអាជ្ញាធរខណ្ឌមួយចំនួន ដែលមានរោងចក្រឆ្លងជំងឺកូវីដ-១៩។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបើកឱ្យមានកិច្ចប្រជុំជាមួយតំណាងក្រសួងសុខាភិបាល តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជានេះ គឺក្នុងបំណង់ឱ្យក្រសួងពាក់ព័ន្ធទាំងអស់ចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ ព្រោះពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងរែកពុនខ្លាំងណាស់ ដូច្នេះលោកចង់ឱ្យក្រសួងពាក់ព័ន្ធជួយរែកពុន តាមរយៈការបង្កើតឱ្យមានយន្តការរួមមួយ ដើម្បីបានធ្វើការជាមួយគ្នាដោយការទទួលខុសត្រូវ ក្នុងការលុបបំបាត់ ឬកាត់ផ្តាច់ឱ្យបានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា កន្លងមកនេះ ពេលដែលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់ រោងចក្រ សហគ្រាស ក៏បានបិទផងដែរ ។ ក្រោយមកនៅពេលដែលបើកឱ្យដំណើរការឡើងវិញ រោងចក្របានឱ្យកម្មករចូលធ្វើការងារវិញ១០០ភាគរយ ខុសពីសេចក្តីណែនាំដែលចុះហត្ថលេខារួមដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងការងារ។ ដោយក្នុងសេចក្តីណែនាំ ពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩នេះ កម្មករតែ៥០ភាគរយប៉ុណ្ណោះ ដែលអាចចូលធ្វើការវិញបានតាមរយៈការប្តូរវេនគ្នា។
តែមិនដូច្នោះទេ ខាងរោងចក្របានអនុញ្ញាតឱ្យកម្មករចូលធ្វើការវិញរហូត១០០ភាគរយ ដែលធ្វើឱ្យមានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលជាកង្វល់ដ៏ធំមួយរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា ដូច្នេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឱ្យមានកិច្ចប្រជុំពិភាក្សានេះឡើង ក្នុងបំណងបង្កើតឱ្យមានយន្តការរួមមួយ ដើម្បីចេញសេចក្តីណែនាំរួម នាំគ្នាអនុវត្ត ឈានទៅកាត់ផ្តាច់ឱ្យបានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ចំពោះលទ្ធផលកិច្ចប្រជុំពិភាក្សានេះ គឺមិនទាន់មានការសម្រេចបែបណានៅឡើយទេនាព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា


