កីឡាការិនីវាយកូនបាល់ម្ចាស់ផ្ទះអាមេរិក Coco Gauff នៅតែរក្សាខ្លួនជាបេក្ខភាពដណ្តើមជើងឯក Grand Slam, US Open ឆ្នាំនេះ ក្រោយបញ្ចប់ការវិលត្រលប់មកវិញរបស់ Caroline Wozniacki ត្រឹមវគ្គ ១៦ នាក់ចុងក្រោយ។
កីឡាការិនីវ័យ ១៩ ឆ្នាំបានយកឈ្នះសិតដំបូង ៦-៣ Caroline Wozniacki ដែលអវត្តមានពីការប្រកួតវាយកូនបាល់រយៈពេលកន្លះឆ្នាំមកហើយនោះ ក៏បានយកឈ្នះនៅសិតទី ២ វិញ ៦-៣។
ឈានដល់សិតចុងក្រោយ Wozniacki ជាថ្មីទៀតរកបាន Break-Point ហ្គេមទី ១ តែ Coco Gauff ក៏បានវាយបកយកឈ្នះ ៦ ហ្គេមផ្ទួនៗដើម្បីយកឈ្នះសិតកាត់សេចក្តីនេះ ៦-១។
Coco Gauff បានមកដល់ US Open នេះពេញដោយទំនុកចិត្តក្រោយឈ្នះជើងឯក ២ កម្មវិធីផ្ទួនៗនៅ Washington និង Cincinnati។

ងាកមកលទ្ធផលផ្សេងទៀតនៅថ្ងៃអាទិត្យម្សិលមិញដែរ កីឡាការិនីឆេក Karoline Muchova បានកក់កៅអីនៅវគ្គ ៨ នាក់ចុងក្រោយជាលើកដំបូងនៅ US Open ក្រោយយកឈ្នះកីឡាការិនីចិន Xinyu Wang។
Muchova ចាប់ផ្តើមបានល្អដោយយកឈ្នះ ៦-៣ នៅសិតដំបូង មុនពេលដែលកីឡាការិនីវ័យ ២២ ឆ្នាំចិនលំដាប់លេខ ៥៣ ពិភពលោកតាមស្មើវិញនៅសិតទីពីរ ៥-៧ តែ Muchova បញ្ចប់ក្តីស្រមៃ Xinyu Wang ក្រោយឈ្នះនៅសិតទីបី ៦-១ ប្រើពេលសរុប ២ ម៉ោង ៣៤ នាទីដើម្បីឈ្នះការប្រកួតនេះ។
ចំណែកឯកីឡាការិនីរ៉ូម៉ានី Sorana Cirstea បានយកឈ្នះកីឡាការិនីស្វ៊ីស Belinda Bencic អតីតម្ចាស់មេដាយមាសអូឡាំពិក ៦-៣ និង ៦-៣ ដើម្បីឡើងវគ្គ ៨ នាក់ចុងក្រោយ Grand Slam ជាលើកដំបូងក្នុងរយៈពេល ១៤ ឆ្នាំ៕អត្ថបទ៖នាង សុភាវុធ
