
កាលពីថ្ងៃទី៥ ខែមិថុនា គ្រូបង្រៀនម្នាក់ឈ្មោះ លី មីនសូ (Lee Min-so) បានរៀបរាប់នៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់នាងពីការភ័យខ្លាចដែលខ្លួនកំពុងមាន នៅពេលនាងចូលទៅក្នុងថ្នាក់បង្រៀនថា «ខ្ញុំមានអារម្មណ៍ថាតឹងទ្រូងខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថាខ្ញុំនឹងដួលនៅកន្លែងណាមួយ ហើយខ្ញុំមិនទាំងដឹងថាខ្ញុំកំពុងនៅកន្លែងណានោះទេ»។
កាលពីថ្ងៃទី៣ ខែកក្កដា គ្រូបង្រៀនបឋមសិក្សារូបនោះបានសរសេរថា នាងកំពុងធុញថប់នឹងភាពស្មុគស្មាញក្នុងការងារដែលនាង «ចង់បោះបង់»។ ពីរសប្តាហ៍ក្រោយមក គ្រូបង្រៀនដែលមានវ័យ២៣ឆ្នាំរូបនេះ ត្រូវបានមិត្តរួមការងាររបស់នាងប្រទះឃើញថាបានស្លាប់នៅក្នុងទូដាក់ឥវ៉ាន់ក្នុងថ្នាក់រៀនរបស់នាង ដោយគ្រូបង្រៀនរូបនោះ បានធ្វើអត្តឃាតខ្លួនឯង។
បងប្អូនជីដូនមួយរបស់អ្នកនាង មីនសូ បានរកឃើញកំណត់ហេតុប្រចាំថ្ងៃ កំណត់ហេតុការងារ និងសារអត្ថបទ ជាច្រើនរបស់នាង។ កំណត់ហេតុទាំងនោះបានលាតត្រដាងថា ប៉ុន្មានខែដែលឈានដល់ការធ្វើអត្តឃាតរបស់អ្នកនាង មីនសូ នាងបានទទួលរងដោយការត្អូញត្អែរជាច្រើនពីឪពុកម្តាយសិស្ស។
សោកនាដកម្មនេះ បានធ្វើឱ្យមានការខឹងសម្បាពីសំណាក់គ្រូបង្រៀននៅសាលាបឋមសិក្សាទូទាំងប្រទេសកូរ៉េខាងត្បូង ដែលបានចាប់ផ្តើមចែករំលែកបទពិសោធន៍របស់ពួកគេអំពីការធ្វើបាបពីអាណាព្យាបាលហួសហេតុ និងសិស្សដែលមិនស្ដាប់បង្គាប់។ គ្រូបង្រៀនរាប់ម៉ឺននាក់បានធ្វើកូដកម្មទាមទារការការពារប្រសើរជាងមុននៅកន្លែងធ្វើការ៕

