ភ្នំពេញ ៖គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នារសៀលថ្ងៃទី៤ ខែញ្ញា ឆ្នាំ ២០២៣នេះ អញ្ជើញទៅដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព។
ឯកឧត្ដម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្រ្ដីបានថ្លែងថា ក្នុងឱកាសអញ្ជើញដល់នេះ សម្ដេចមហាបវរធិបតី និងលោកជំទាវ រួមជាមួយគណប្រតិភូកម្ពុជា ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។
ឯកឧត្តមបន្តថា នៅក្នុងកម្មវិធីក្នុងថ្ងៃទី១នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំនួបសម្តែងការគួរសមដោយ ឯកឧត្ដម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។
ជំនួបនេះ បានធ្វើឡើងនាឱកាស សម្ដេចមហាបវរធិបតី និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។
ឯកឧត្ដម មាស សុភ័ណ្ឌ បានឱ្យដឹងថា នៅក្នុងកម្មវិធីក្នុងថ្ងៃទី១នេះដែរ សម្តេចមហាបវរធិបតីនឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំធុរកិច្ច និងវិនិយោគអាស៊ាន(ASEAN Business & Investment Summit) និងជំនួបទ្វេភាគីជាមួយឯកឧត្ដម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ីផងដែរ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅនៅ រដ្ឋធានីហ្សាការតា ពីថ្ងៃទី ៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ៕
អត្ថបទ៖ វ៉ន ដារ៉ា





