ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការី ព្រមទាំង ព្រះសង្ឃ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ទី១៥ និងទី១៦ នៅទីតាំង២កន្លែងផ្សេងគ្នា ជូនពលរដ្ឋទ័លលំបាក ២គ្រួសារ ដោយ១គ្រួសារ ស្ថិតក្នុងស្រុកកំពង់សៀម និង១គ្រួសារទៀត ក្នុងស្រុកកងមាស។
លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឱ្យដឹងថា គ្រួសារទី១ រស់នៅភូមិគគរ ២ ឃុំគគរ ស្រុកកំពង់សៀម មានប្តីជាជនពិការភ្នែក និងជើង មិនអាចធ្វើការបាន មានជីវភាពលំបាកយ៉ាប់យ៉ឺនខ្លាំង ដោយរស់នៅពឹងផ្អែកតែលើការជួយពីរាជរដ្ឋាភិបាល តាមរយៈបណ្ណសមធម៌ ក្រ ២ គួបផ្សំចំណូលតិចតួច ដែលបានពីប្រពន្ធ ដើរស៊ីឈ្នួលបោកខោអាវតាមផ្ទះអ្នកស្រុក។
ចំណែក គ្រួសារទី២. ជាស្រ្តីមេម៉ាយពិការភ្នែក មានកូនស្រី១នាក់ រស់នៅភូមិអន្លង់អកកើត ឃុំសូរគង ស្រុកកងមាស ដោយរស់នៅពឹងផ្អែកលើសប្បុរសជន អ្នកជិតខាង រួមជាមួយការឧបត្ថម្ភរបស់អាជ្ញាធរភូមិឃុំ និងការជួយពីរាជ រដ្ឋាភិបាល តាមរយៈប័ណ្ណសមធម៌ ក្រ ១ផងដែរ ។
ដោយឡែកដើម្បីជួយសម្រាលជីវភាពរស់នៅ ឯកឧត្ដម អ៊ុន ចាន់ដា បានផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ជូនគ្រួសារទាំង២ សម្រាប់សង្កត់ផ្ទះថ្មីនេះ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ៥០គក្រ គ្រឿងឧបភោគបរិភោគ ប្រើប្រាស់ និងថវិកា២០ម៉ឺនរៀល។
ទន្ទឹមនឹងនោះ លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មី ទាំង២ខ្នងនេះ ក្នុងម្នាក់ៗ ទទួលបានអង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ អាវយឺត ព្រមទាំងថវិកាចំនួន ២ម៉ឺនរៀលផងដែរ ៕អត្ថបទ៖ ថុង សីហា