
ពន្ធនាគារមួយក្នុងរដ្ឋ Minnesota របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ចូលទៅក្នុងការបិទខ្ទប់កាលពីថ្ងៃអាទិត្យ (៣ កញ្ញា) បន្ទាប់ពីអ្នកទោសរាប់សិបនាក់មិនព្រមត្រឡប់ទៅកាន់កន្លែងឃុំឃាំងរបស់ពួកគេវិញ។ ក្រុមមន្ត្រីបាននិយាយថា ក្រោយមកការតវ៉ាដែលធ្វើឡើងដោយអ្នកទោសប្រហែល ១០០នាក់នោះ ត្រូវបានដោះស្រាយដោយគ្មានឧប្បត្តិហេតុអ្វីនោះឡើយ។
នាយកដ្ឋានកែប្រែ (DOC) របស់រដ្ឋបាននិយាយថា ក្រុមអ្នកទោសមិនសប្បាយចិត្តក្នុងការត្រូវបានទុកឲ្យនៅក្នុងបន្ទប់ឃុំឃាំងរបស់ពួកគេ ដោយសារតែបុគ្គលិកមិនគ្រប់គ្រាន់នៅថ្ងៃការងារចុងសប្តាហ៍។ អ្នកនាំពាក្យនាយកដ្ឋាន DOC បន្ថែមថា ឥឡូវនេះ អ្នកទោសទាំងអស់បានត្រឡប់ទៅបន្ទប់ឃុំឃាំងរបស់ពួកគេវិញហើយ។
អង្គភាពនគរបាល ក្រុមពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះបន្ទាន់ផ្សេងទៀតជាច្រើន ត្រូវបានបញ្ជូនឲ្យទៅឈរជើងនៅខាងក្រៅពន្ធនាគារនៅក្នុងតំបន់ Baywater ចម្ងាយប្រហែល៤០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុងដ៏ធំបំផុតរបស់រដ្ឋ Minneapolis ។
ក្រុមអ្នកតស៊ូមតិសម្រាប់អ្នកទោសទាំងនោះបាននិយាយថា ឧបទ្ទវហេតុនេះគឺជាការតវ៉ាជុំវិញលក្ខខណ្ឌពន្ធនាគារ រួមទាំងកម្ដៅខ្លាំងពេក លទ្ធភាពប្រើប្រាស់ទឺកសម្រាប់ងូត និងទឹកកក ព្រមទាំងទឹកផឹកមិនស្អាតផងដែរ។
ការផ្តល់ប្រឹក្សាអំពីសេវាកម្មអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក គឺធ្វើឡើងរហូតដល់ថ្ងៃអង្គារ (៥ កញ្ញា) សម្រាប់តំបន់នេះ ដោយមានការព្រមានពីកម្រិតសីតុណ្ហភាពដែលអាចឡើងដល់ ៣៧,៧អង្សាសេ។ កំណើនភាពញឹកញាប់នៃស្ថានភាពក្តៅខ្លាំងនេះ បានទាក់ទាញការយកចិត្តទុកដាក់ជាថ្មីចំពោះពន្ធនាគាររបស់សហរដ្ឋអាមេរិក និងអំពាវនាវឱ្យមានកំណែទម្រង់លើបញ្ហាទាំងនេះផងដែរ៕