
ជនស៊ីវិល ២៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅទីក្រុង Khartoum ប្រទេសស៊ូដង់ កាលពីចុងសប្តាហ៍នេះ ខណៈដែលអំពើហិង្សាមិនបានបង្ហាញសញ្ញានៃការធូរស្រាល បន្ទាប់ពីមានសង្គ្រាមជិតប្រាំខែមក។
ប្រភពវេជ្ជសាស្ត្របាននិយាយថា ជនស៊ីវិល ៥នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យ (៣ កញ្ញា) នៅពេលដែលគ្រាប់បែកដែលបាន «ធ្លាក់លើផ្ទះរបស់ពួកគេ» នៅក្នុងរដ្ឋធានីស៊ូដង់ រយៈពេលមួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសនៅភាគខាងត្បូងនៃទីក្រុងនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់។
អ្នកស្រុកបាននិយាយថា ទីក្រុងនេះត្រូវបានវាយប្រហារជាថ្មីម្តងទៀតដោយកាំភ្លើងធំ និងការបាញ់រ៉ុកែតកាលពីថ្ងៃអាទិត្យ។ គណៈកម្មាធិការតស៊ូរបស់អ្នកជិតខាងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនរងគ្រោះរួមមានកុមារពីរនាក់ ហើយអ្នកស្លាប់បន្ថែមទៀតមិនត្រូវបានកត់ត្រាឡើយ ដោយសារសាកសពរបស់ពួកគេមិនអាចបញ្ជូនទៅមន្ទីរពេទ្យបានទេ ព្រោះសាកសព្វទាំងនោះត្រូវបានដុតយ៉ាងធ្ងន់ធ្ងរ ឬក្លាយជាបំណែកៗនៅក្នុងការបំផ្ទុះគ្រាប់បែក។
យោងតាមការប៉ាន់ស្មានពីគម្រោងទិន្នន័យទីតាំងជម្លោះប្រដាប់អាវុធ និងព្រឹត្តិការណ៍ ក្នុងប្រទេសស៊ូដង់បានឲ្យដឹងថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅថ្ងៃទី១៥ ខែមេសា មក មនុស្សប្រហែល ៥.០០០នាក់ត្រូវបានសម្លាប់៕