
ភ្នំពេញ៖ រាជធានីភ្នំពេញ បានប្រែក្លាយតំបន់លឿងទុំ មកជាតំបន់លឿងហើយ បន្ទាប់ពីបានអនុវត្តវិធានការនានា និងពិនិត្យលើស្ថានភាពជាក់ស្ដែង។
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០២១ បានចេញសេចក្ដីសម្រេចលេខ ១១៨/២១ សសរ ស្ដីពីការកំណត់ភូមិសាស្ត្រតំបន់លឿងទុំ កន្លងមកដូចមានក្នុងសេចក្ដីសម្រេចលេខ ១១១/២១ សសរ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញមកជា តំបន់លឿងវិញ បន្ទាប់ពីបានអនុវត្តវិធានការនានា និងពិនិត្យលើស្ថានភាពជាក់ស្ដែង។
ក្នុងប្រការ២ នៃសេចក្ដីសម្រេចលេខ ១១៨/២១ សសរ វិធានការរដ្ឋបាលចំពោះការកំណត់ភូមិសាស្ត្រជា តំបន់លឿង ត្រូវអនុវត្តន៍សម្រាប់រយៈពេល៧ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ដោយត្រូវអនុលោមតាមខ្លឹមសារក្នុងប្រការ ៤ នៃសេចក្ដីសម្រេចលេខ ១១១/២១ សសរ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលបន្តសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងសេចក្ដីសម្រេចលេខ ១១៥/២១ សសរ ចុះថ្ងៃទី២១ ខែឧសភាឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការបញ្ចប់បំរាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានក្នុងតំបន់លឿងនៃភូមិសាស្ត្ររាជធានីភ្នំពេញ។
នៅក្នុងប្រការ៤នៃ១១១/២១ សសរ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ បានដាក់ចេញចំពោះ តំបន់លឿង គឺអនុវត្តរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនាឆ្នាំ២០២១ បើគិតមកដល់ពេលនេះនៅសល់រៈពេល៧ថ្ងៃទៀត ដោយមិនស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ទប់ ប៉ុន្តែត្រូវអនុវត្តវិធានការរដ្ឋបាលទៅតាមប្រការ ៥ នៃសេចក្ដីសម្រេចលេខ ១០០/២១ សសរ។
សូមបញ្ជាក់ថា តំបន់លឿងទុំ ដែលប្រែក្លាយមកជា តំបន់លឿង មានដូចជា ផ្នែកខ្លះនៃភូមិដើមចាន់ គឺទីតាំងខាងក្រោយយឿត្រី នៃសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ភូមិ ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៤ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ផ្នែកខ្លះភូមិ៥ នៃសង្កាត់ស្ទឹងមានជ័យទី២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកខ្លះនៃភូមិដំណាក់ធំ៣ និងផ្នែកខ្លះនៃភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា