
ប្រតិបត្តិការជួយសង្គ្រោះ កំពុងប្រព្រឹត្តិទៅ នៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា បន្ទាប់ពីអគារច្រើនជាន់មួយ ខ្នងបានបាក់រលំ នៅព្រឹកថ្ងៃចន្ទ (ទី៤ ខែកញ្ញា) នេះ។
យោងតាមអ្នករស់នៅមូលដ្ឋាននេះ បានឲ្យដឹងថា មានមនុស្សប្រហែល ២០នាក់ កំពុងសម្រាកយ៉ាងលង់លក់ នៅខាងក្នុងអគារនោះ នៅពេលដែលការរលំបាក់ បានកើតឡើង នៅម៉ោងប្រហែល ៣ទៀបភ្លឺ (ត្រូវនឹងម៉ោង ២១:៣០នាទី ម៉ោងសកល) ។ មនុស្ស ១២នាក់ ត្រូវបានគេជួយសង្គ្រោះ នៅព្រឹកព្រលឹម ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមូលដ្ឋានយ៉ាងរួសរាន់។
មន្ត្រីនគរបាលម្នាក់ បាននិយាយថា មនុស្ស ២នាក់ បានស្លាប់ ពេលកំពុងទទួលការព្យាបាល ហើយគេជឿថា មនុស្ស ៣នាក់ កំពុងជាប់ក្នុងបំណែកកម្ទេចកម្ទីនៃអាគារនោះ។ មូលហេតុ ដែលនាំឲ្យមានការរលំបាក់នេះ មិនទាន់ដឹងនៅឡើយទេ៕
