
អ្នកវិភាគម្នាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ស្របពេលដែលទីក្រុងហ្សាកាតា ត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃអង្គារស្អែកនេះ ការខ្វែងគំនិតគ្នា នឹងរារាំងជំនួប ស្របពេលដែលភាពតានតឹងក្នុងតំបន់កើនឡើង ដូចជាវិវាទនៅសមុទ្រចិនខាងត្បូង ។
លោក Muhammad Waffaa Kharismaគឺជាអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងការសិក្សាអន្តរជាតិ និយាយថា ការរួបរួមរបស់អាស៊ានស្ថិតក្រោមការគំរាមកំហែង ដោយសារតែទស្សនៈខ្វែងគំនិតគ្នាលើបញ្ហាចម្រូងចម្រាស់ និងភាពអត់ធ្មត់លើការពិភាក្សាលើវា ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រទេសហ្វីលីពីន ម៉ាឡេស៊ី កោះតៃវ៉ាន់ និងប្រទេសវៀតណាម បានជំទាស់នឹងផែនទីគ្មានមូលដ្ឋានបញ្ចេញដោយចិន បង្ហាញពីការប្រកាសសិទ្ធិគ្រប់គ្រងរបស់ពួកគេលើអធិបតេយ្យភាព ដែលរួមទាំងនៅសមុទ្រចិនខាងត្បូងផងដែរ ។
ផែនទីដែលបញ្ចេញដោយចិនេះ រួមមានទាំងខ្សែបន្ទាត់រាងជាអក្ស U ដែលព័ទ្ធជុំវិញចម្ងាយ ១.៥០០គ.មរហូតដល់តំបន់ភាគខាងត្បូងកោះហៃណានរបស់ពួកគេ ហើយនិងកាត់ចូលតំបន់សេដ្ឋកិច្ចពិសេស(EEZ) របស់វៀតណាម ហ្វិលីពីន ម៉ាឡេស៊ី ប៊្រុយណេ និងឥណ្ឌូនេស៊ី ៕