
អវកាសយានិក Stephen Bowen និង Woody Hoburg របស់អង្គការ NASA អវកាសយានិក Sultan Alneyadi របស់អារ៉ាប់រួម និងអវកាសយានិក Andrey Fedyaev របស់ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានចុះចតដោយសុវត្ថិភាពក្នុងយានអវកាស Dragon Endeavour របស់ក្រុមហ៊ុន SpaceX នៅមហាសមុទ្រអាត្លង់ទិក ជិតតំបន់ឆ្នេរទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក នាថ្ងៃចន្ទនេះ ។
ក្រុមការងារនៅលើនាវាសង្រ្គោះរបស់ក្រុមហ៊ុន SpaceX រួមទាំងទូកល្បឿនលឿន ២គ្រឿង បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការស្រង់យានអវកាសចេញពីទឹក និងធានាថាក្រុមអវកាសយានិកទាំងអស់មានសុវត្ថិភាព សម្រាប់កិច្ចប្រឹងប្រែងសង្រ្គោះពួកគេ ។
នៅពេលដែលក្រុមទូកល្បឿនលឿន បញ្ចប់ការងាររបស់ពួកគេ នាវាសង្រ្គោះ នឹងចូលទៅកាន់ទីតាំង ដើម្បីលើកយានអវកាស Dragonមកលើនាវាដោយមានក្រុមអវកាសយានិកនៅក្នុងនោះ ។ ពេលនៅលើនាវា ក្រុមអវកាសយានិកនឹងត្រូវយកចេញពីយានអវកាស ហើយនិងទទួលការត្រួតពិនិត្យសុខភាព មុនពេលឧទ្ធម្ភាគចក្រដឹកពួកគេទៅឡើងជិះយន្តហោះឆ្ពោះទៅកាន់ទីក្រុង Houston ។
គួរឲ្យដឹងថា យានអវកាស Dragonបានចាកចេញពីស្ថានីយ៍អវកាសអន្តរជាតិកាលពីថ្ងៃអាទិត្យ រយៈពេលច្រើនថ្ងៃយឺតជាងការរំពឹងទុកដោយសារតែស្ថានភាពអាកាសធាតុ ។
អង្គការ NASAនិយាយថា ពួកគេមានការព្រួយបារម្ភថា កម្លាំងខ្យល់បក់ខ្លាំងរបស់ព្យុះសង្ឃរា Idalia និងភ្លៀងធ្លាក់ខ្លាំង អាចនឹងធ្វើឲ្យប៉ះពាល់ការចុះចតតាមការគ្រោងទុករបស់យានអវកាសនៅជិតទីក្រុង Jacksonville រដ្ឋ Florida ៕
