
ទិវាប្រជាធិបតេយ្យទីបេតិ៍លើកទី ៦៣ ត្រូវបានប្រារព្ធឡើងដោយក្រុមប្រជាពលរដ្ឋទីបេតិ៍ដែលរស់នៅក្នុងនិរទេសភាពនៅរដ្ឋតំបន់ភ្នំ Himachal Pradesh ប្រទេសឥណ្ឌា ដើម្បីរំឭកដល់ប្រព័ន្ធលទ្ធិប្រជាធិបតេយ្យដែលបង្កើតឡើងដោយមេដឹកនាំសាសនាដាឡៃ ឡាម៉ា កាលពីឆ្នាំ ១៩៦០ ។
ឥស្សរជនជាច្រើននាក់ និងគណៈប្រតិភូមានសមាជិក ១៣នាក់មកពីសភាស្វីស បានបង្ហាញវត្តមានរបស់ពួកគេផងដែរ អំឡុងពិធីប្រារព្ធដែលបានធ្វើឡើងនៅទីក្រុងភ្នំ Dharamsala ។
នៅថ្ងៃនេះ កាលពីឆ្នាំ១៩៦០ លទ្ធិប្រជាធិបតេយ្យត្រូវបានបង្កើតឡើងដោយសម្តេចសង្ឃដាឡៃ ឡាម៉ា ហើយចាប់តាំងពីពេលនោះមក ប្រជាពលរដ្ឋទីបេតិ៍ ចាប់ផ្តើមរៀបចំការបោះឆ្នោតតាមរយៈការជ្រើសរើសសមាជិកសភាក្នុងនិរទេសភាព នាយករដ្ឋមន្រ្តី និងក្រុមប្រឹក្សារដ្ឋមន្រ្តី ។
រដ្ឋាភិបាលក្នុងនិរទេសភាព មានមុខងារនៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ១៩៦០ រហូតមក ក្រោយសម្តេចសង្ឃដាឡៃ ឡាម៉ា និងប្រជាពលរដ្ឋជាច្រើនទៀត រត់ភៀសខ្លួនចេញពីតំបន់ទីបេតិ៍ អំឡុងការបះបោរពុំបានសម្រេចមួយប្រឆាំងនឹងការកាន់កាប់របស់ចិនលើស្រុកកំណើតរបស់ពួកគេកាលពីឆ្នាំ ១៩៥៩។
សម្តេចសង្ឃដាឡៃ ឡាម៉ា បានប្រឆាំងជាមួយចិនជាយូរមកហើយជុំវិញបញ្ហានៅតំបន់ទីបេតិ៍ ហើយព្រះអង្គបានមានសង្ឃដីកាថា ទ្រង់ចង់បានសិទ្ធិអស្ចារ្យជាងនេះ រួមទាំងសិទ្ធិសេរីភាពសាសនា និងតំបន់ស្វយ័តពិតប្រាកដសម្រាប់ប្រជាជនទីបេតិ៍៕