
ស្វាយរៀង៖ ករណីកម្មកររត់ចេញពីរោងចក្រនៅក្រុងបាវិត ខេត្តស្វាយរៀង កាលល្ងាចថ្ងៃទី២៦ ខែឧសភា កើតមានដោយ សារការយល់ច្រឡំ និងការបំផុសបំផុល។ នេះបើតាមអភិបាលខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល ថ្លែងប្រាប់ BTV នៅយប់ថ្ងៃទី២៦ ខែឧសភា។
ឯកឧត្ដមបញ្ជាក់បន្ថែមថា ភាពជ្រួលច្របល់នោះកើតមានក្រោយពេលមានកម្មករធ្វើការនៅរោងចក្រដំឡើងកង់ ម្នាក់ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ ហើយមន្ត្រីជំនាញបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធនៅកន្លែងដែលកម្មករ នោះធ្វើការ។
ក្នុងអំឡុងពេលធ្វើតេស្តកម្មករនៅកន្លែងដែលគាត់ធ្វើការនោះ ស្រាប់តែមានកម្មករនៅទីតាំងក្បែរ នោះ បានឃើញពីការយកសំណាកធ្វើតេស្តរកកូវីដ និងមានការបំផុសបំផុលផង ទើបកម្មករដែលមានទីតាំងនៅ ក្បែរនោះជ្រួលច្របល់រត់ចេញពីរោងចក្រ ហើយក៏ស្របពេលនឹងដល់ម៉ោងចេញពីធ្វើការផងដែរ។
កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានការចែកចាយតាមបណ្ដាញសង្គមនានា ស្ដីពីទិដ្ឋភាពកម្មករនៅ រោងចក្រដំឡើងកង់ក្នុងក្រុងបាវិត ជ្រួលច្របល់រត់ប្រសេចប្រសាចចេញពីរោងចក្រ។
ក្រោយហេតុការណ៍នេះ កើតឡើងអភិបាលខេត្តស្វាយរៀងបញ្ជាក់ថា ករណីនេះគឺកើតចេញពីការយល់ច្រឡំ និងការបំផុសបំផុលព័ត៌ មានមិនពិតប៉ុណ្ណោះ៕ អត្ថបទ៖ គង់ ឌិន
