
អតីតប្រធានាធិបតី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សប្រហែល ២៨ម៉ឺននាក់ បានចុះហត្ថលេខាចូលបម្រើកងទ័ពនៅក្នុងឆ្នាំនេះ ។
អំឡុងការធ្វើដំណើរទៅកាន់តំបន់ជ្រោយខាងកើតរបស់រុស្ស៊ី លោក Medvedev និយាយថា លោកបានជួបជាមួយក្រុមមន្រ្តីក្នុងស្រុក ក្នុងគោលបំណងដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធ ។
កាលពីឆ្នាំមុន រុស្ស៊ីបានប្រកាសផែនការពង្រីកកម្លាំងកងទ័ពប្រយុទ្ធរបស់ខ្លួនជាង ៣០ភាគរយ រហូតដល់ ១,៥លាននាក់ ស្របពេលដែលមានការបាត់បង់កម្លាំង និងគ្រោះថ្នាក់ពុំបានបញ្ចេញឲ្យដឹងនៅក្នុងសង្រ្គាមរបស់ទីក្រុងម៉ូស្គូជាមួយអ៊ុយក្រែន ។
ក្រុមតំណាងរាស្រ្តមួយចំនួនរបស់រុស្ស៊ី បានលើកឡើងថា រុស្ស៊ីត្រូវការកងទ័ព ៧លាននាក់ ដើម្បីធានាដល់សន្តិសុខជាតិរបស់ខ្លួន គឺជាចំណាត់ការមួយត្រូវការអនុញ្ញាតឲ្យមានថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ។
គួររំឭកថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឲ្យកេណ្ឌទ័ពដោយអន្លើចំនួន ៣០ម៉ឺននាក់ កាលពីខែកញ្ញាឆ្នាំ ២០២២ ជាហេតុបង្ខំឲ្យប្រជាពលរដ្ឋដែលជាមនុស្សប្រុសពេញវ័យអាចចូលបម្រើកងទ័ពរាប់ម៉ឺននាក់ រត់ភៀសខ្លួនចេញពីរុស្ស៊ី ដើម្បីគេចចេញពីការបញ្ជូនឲ្យទៅច្បាំង ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Putin និយាយថា លែងមានតម្រូវការឲ្យកេណ្ឌកងទ័ពបន្ថែមទៀតហើយ ៕