
ខ្សែភាពយន្ត Barbie បានក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់ជាងគេបំផុត ក្នុងឆ្នាំ២០២៣ នេះ បន្ទាប់ពីរកចំណូលបាន ១,៣៨ពាន់លានដុល្លារអាមេរិក នៅបញ្ជរលក់សំបុត្រ (Box Office) ទូទាំងពិភពលោក។
បើយោងតាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ (ទី៣ ខែកញ្ញា) ពីស្ទូឌីយោ Warner Bros ដែលបានបញ្ចេញភាពយន្ត Barbie នេះ បានឲ្យដឹងថា នេះគឺជាការរកចំណូលបានច្រើនជាងចំណូលនៃខ្សែភាពយន្ត The Super Mario Bros Movie របស់ស្ទូឌីយោ Universal ដែលរកចំណូលបាន ១,៣៥ពាន់លានដុល្លារ នៅទូទាំងពិភពលោក។
ភាពយន្តកំប្លែងបែបស្រមើស្រមៃដ៏ជោគជ័យនេះ កើបប្រាក់បានចំនួន ៦០០លានដុល្លារ នៅអាមេរិកខាងជើង ហើយកាលពីដើមខែសីហា បានវ៉ាដាច់ចំណូលរបស់ភាពយន្ត The Super Mario Bros Movie (ចំនួន ៥៧៤លានដុល្លារ) ដើម្បីក្លាយជាភាពយន្តដាក់ដំណើរការបញ្ចាំងដ៏ធំបំផុត ក្នុងឆ្នាំ២០២៣ នៅឯបញ្ជរលក់សំបុត្រ (Box Office) ក្នុងស្រុកផងដែរ។
នៅឯបញ្ជរលក់សំបុត្រ (Box Office) អន្តរជាតិ ភាពយន្ត Barbie រកចំណូលបាន ៧៦០លានដុល្លារ ហើយដោយគ្មានខ្សែភាពយន្តផ្សេងទៀត ក្នុងឆ្នាំ២០២៣ ទំនងជាអាចទាក់ទាញអ្នកទស្សនាបានច្រើនដូចនេះនោះ ដូច្នេះ នេះគឺជាស្ថិតិ ដែលប្រហែលជានឹងឈរទៅមុខបន្តទៀត។
ភាពយន្ត Barbie ដែលដឹកនាំដោយអ្នកនាង Greta Gerwig និងសម្តែងដោយ Margot Robbie ជាតួ Barbie នោះ ត្រូវបានបញ្ចេញឲ្យដាក់បញ្ចាំងនៅថ្ងៃទី២១ ខែកក្កដា នៅសហរដ្ឋអាមេរិក ដែលជាកាលបរិច្ឆេទដូចគ្នាជាមួយភាពយន្ត Oppenheimer របស់ស្ទូឌីយោ Universal ដែលដឹកនាំដោយលោក Christopher Nolan៕