
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយ នៅថ្ងៃចន្ទ (ទី៤ ខែកញ្ញា) ថា រដ្ឋាភិបាលនឹងត្រៀមរៀបចំទឹកប្រាក់បន្ថែមចំនួន ២០,៧ពាន់លានយ៉េន (១៤១,៤១លានដុល្លារ) ដើម្បីជួយគាំទ្រដល់ឧស្សាហកម្មជលផល បន្ទាប់ពីការហាមឃាត់ការនាំចូលទាំងស្រុងរបស់ប្រទេសចិនលើផលិតផលជលផលរបស់ជប៉ុន។
ការហាមឃាត់នេះ បានធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុន កាលពីខែមុន ចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មរួចហើយពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលរងការខូចខាត។
រដ្ឋាភិបាល នៅមុននេះ បានបង្កើតមូលនិធិចំនួន២ ដែលមានតម្លៃ ៨០ពាន់លានយ៉េន (ជាង ៥៤៦លានដុល្លារ) ដើម្បីជួយអភិវឌ្ឍទីផ្សារថ្មី និងរក្សាត្រីដែលលើសឲ្យនៅត្រជាក់ រហូតដល់ត្រីទាំងនោះអាចលក់ចេញបាន នៅពេលដែលតម្រូវការ ចាប់ផ្ដើមមានឡើងវិញ ក្នុងចំណោមវិធានការផ្សេងទៀត។
លោក Kishida បានលើកឡើងថា ជាមួយនឹងមូលនិធិបន្ថែម ដែលបានមកពីទុនបម្រុងថវិកា ការជួយគាំទ្រ នឹងមានចំនួនសរុប ១០០,៧លានពាន់លានយ៉េន (៦៨៨លានដុល្លារ)៕