អាមេរិក៖ យោងតាមក្រុមអាជ្ញាធរក្នុងតំបន់ឲ្យដឹងថា មនុស្ស ៩នាក់រួមទាំងជនសង្ស័យត្រូវបានស្លាប់ និងយ៉ាងហោចណាស់មនុស្សម្នាក់បានរងរបួសកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីការបាញ់ប្រហារនៅបរិវេណសេវាដឹកជញ្ជូនសាធារណៈហៅកាត់ថា VTA (Valley Transportation Authority) នៅភាគខាងជើងទីក្រុង San Jose រដ្ឋ California។

ការិយាល័យស្នងការនគរបាលប្រចាំតំបន់ Santa Clara បានបញ្ជាក់ថា មនុស្ស ៨នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងមនុស្សម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពុំមានការបញ្ជាក់ពីស្ថានភាពយ៉ាងណានោះទេ។ ខ្មាន់កាំភ្លើងក៏បានស្លាប់នៅនឹងកន្លែងកើតហេតុផងដែរ។ ក្រុមមន្ត្រីអនុវត្តច្បាប់បានបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះ Samuel Cassidy វ័យ ៥៧ឆ្នាំជាបុគ្គលិកផ្នែកថែទាំ ហើយគេមិនទាន់ដឹងនៅឡើយទេ ពីមូលហេតុឈានដល់ការបាញ់ប្រហារនេះ។ ការិយាល័យស្នងការនគរបាលតំបន់ និងក្រុមមន្ត្រីសេវាដឹកជញ្ជូនខាងលើបានបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅវិថី 101 Younger Avenue ហើយជនរងគ្រោះមួយចំនួនជាបុគ្គលិកសេវាដឹកជញ្ជូន VTA។

នៅម៉ោងប្រហែល ៦:៣៥នាទីព្រឹក នគរបាលទីក្រុង San Jose បានទទួលទូរស័ព្ទបន្ទាន់ 911 រាយការណ៍អំពីហេតុការណ៍ផ្ទុះអាវុធនៅទីតាំងខាងលើ ហើយក្រុមអង្គភាពមួយចំនួនបានទៅកាន់កន្លែងកើតហេតុភ្លាមៗ។ ខ្មាន់កាំភ្លើងត្រូវបានបញ្ជាក់ថាបានស្លាប់នៅម៉ោងប្រហែល ៨:១០នាទីព្រឹក៕
អត្ថបទ៖ សុខមាន