ហ្គាបុង៖ មេដឹកនាំនៃរដ្ឋប្រហារហ្គាបុង ដែលបានទម្លាក់តំណែងប្រធានាធិបតី លោក Ali Bongo បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន និងត្រូវបានអបអរសាទរដោយអ្នកគាំទ្រដ៏រីករាយកាលពីថ្ងៃចន្ទ(៤ កញ្ញា) នៅក្នុងពិធីតាមទូរទស្សន៍មួយ ដែលរៀបចំឡើងដើម្បីធ្វើឲ្យយោធាជាអ្នករំដោះសង្គមដែលត្រូវបានជិះជាន់មួយនេះ។
នៅក្នុងរដ្ឋប្រហារលើកទី៨របស់អាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំមួយនេះ ក្រុមមន្ត្រីកងទ័ពដែលដឹកនាំដោយលោកឧត្តមសេនីយ Brice Oligui Nguema ( ប៊្រីស អូលីហ្គី ង្វែម៉ា) បានដណ្តើមអំណាចនៅថ្ងៃទី៣០ ខែសីហា ប៉ុន្មាននាទីបន្ទាប់ពីការប្រកាសថាលោកប្រធានាធិបតី Bongo បានឈ្នះការបោះឆ្នោត ដែលពួកគេលុបចោល ហើយនិយាយថាមិនគួរឱ្យទុកចិត្ត។
រដ្ឋប្រហារនោះ បានទាក់ទាញការអបអរសាទររបស់ហ្វូងមនុស្សនៅតាមដងផ្លូវនៃរដ្ឋធានី Libreville ប៉ុន្តែបានទទួលការថ្កោលទោសពីបរទេស រួមទាំងមកពីប្លុកតំបន់អាហ្វ្រិកកណ្តាល ECCAS ដែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងផ្អាកសមាជិកភាពហ្គាបុង រហូតដល់ការវិលត្រឡប់ទៅកាន់សណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញវិញ។
នៅក្នុងសុន្ទរកថា លោកឧត្តមសេនីយ ង្វែម៉ា បានស្នើកំណែទម្រង់រួមទាំងរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវអនុម័តដោយប្រជាមតិ ច្បាប់បោះឆ្នោតថ្មី និងក្រមព្រហ្មទណ្ឌ ព្រមទាំងវិធានការផ្តល់អាទិភាពដល់ធនាគារ និងក្រុមហ៊ុនក្នុងស្រុកសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ៕


