មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានប្រកាសថា ខ្លួនបានជួយសង្រ្គោះក្មេងស្រីម្នាក់មានអាយុ ១៥ឆ្នាំ ឲ្យរួចផុត ពីជំងឺរលាកសាច់បំពង់ក ដែលជំងឺនេះមានលក្ខណៈស្រួចស្រាវ ហើយក៏ជាករណីជំងឺដ៏កម្របំផុត ដោយ មិនធ្លាប់បានជួបផងដែរ។
យោងតាមហ្វេសបុក ដែលមានឈ្មោះថា Dr. Beat Richner បានបញ្ជាក់ថា ក្មេងស្រីអាយុ១៥ឆ្នាំនេះ មានជំងឺរលាកសាច់បំពង់ក (Tonsils -Amygdales) ស្រួចស្រាវប្រភេទរលាកចេញភ្នាសខ្ទុះស្ទះបំពង់ខ្យល់ និងវិវត្តទៅជារលាកសួតនិងខ្សោយសាច់ដុំសន្ទះទ្រូង មិនអាចដកដង្ហើមបាន ។ ជំងឺប្រភេទស្មុគ្រស្មាញបែបនេះ ជាករណីដ៏កម្របំផុត ប៉ុន្តែទោះជាយ៉ាងណាក្មួយស្រី ត្រូវបានជួយសង្រ្គោះជីវិតនៅផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផាភ្នំពេញ អស់រយ:ពេល២១ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម ១៦ថ្ងៃ ហើយថ្ងៃ៤ ខែកញ្ញានេះបានជាសះស្បើយ ត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹមជាមួយឪពុកម្តាយនាងផងដែរ។
តាមរយៈហ្វេសបុកខាងលើនេះ មន្ទីរពេទ្យគន្ធបុប្ផាក៏បានអរគុណគ្រួសារក្មួយស្រី ដែលបានចូលរួម បរិច្ចាគថវិកាចំនួន២៥០០ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា អរគុណគន្ធបុប្ផារាល់ការព្យាបាល ទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ហើយក៏បានអរគុណមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា និងអរគុណចំពោះសប្បុរសជនគ្រប់ៗរូប ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមកផងដែរ។
បើតាមរយៈហ្វេសបុកដែលមានឈ្មោះថា Dr. Beat Richnerដដែលនេះក៏បានឲ្យដឹងផងដែរថា នាខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ មានកុមារឈឺចំនួន៨៥៨០៦នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ហើយកុមារមានជម្ងឺធ្ងន់ៗចំនួន១៧៦៦៥នាក់ផងដែរ។ ដោយឡែកកុមារដែលមាន ជំងឺគ្រុនឈាមចំនួន២៩១២នាក់ ខណៈកុមារត្រូវការវះកាត់មានចំនួន២២៩៥នាក់៕ អត្ថបទ៖ បាន ចក់
