នីហ្ស៊េរីយ៉ា៖ មនុស្សជាង៦០នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុននៅក្នុងប្រទេសនីហ្ស៊េរីយ៉ា ពាក់ព័ន្ធនឹងការចោទប្រកាន់ថាចូលរួមក្នុងអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា ដែលជាអំពើខុសច្បាប់នៅក្នុងប្រទេសនោះ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ នេះបើយោងតាមនគរបាល និងមេធាវីរបស់ពួកគេបាននិយាយកាលពីថ្ងៃច័ន្ទ(៤កញ្ញា)។
តុលាការបានផ្តល់សំណើសុំដីកាពីនគរបាល បន្ទាប់ពីសវនាការមួយកាលពីថ្ងៃច័ន្ទ នៅទីក្រុង Warri ភាគខាងត្បូងនៃរដ្ឋ Delta ជាទីដែលជនសង្ស័យត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការផ្តល់ព័ត៌មាន។
នៅក្នុងប្រទេសនីហ្ស៊េរីយ៉ា ដូចទៅនឹងផ្នែកភាគច្រើននៃទ្វីបអាហ្រ្វិកដែរ ការស្រឡាញ់ភេទដូចគ្នាជាទូទៅត្រូវបានចាត់ទុកថាមិនអាចទទួលយកបាន ហើយច្បាប់ប្រឆាំងការស្រឡាញ់ភេទដូចគ្នាឆ្នាំ២០១៤ បានចូលជាធរមាន ទោះបីជាមានការថ្កោលទោសពីអន្តរជាតិក៏ដោយ។
ច្បាប់ប្រឆាំងមនុស្សស្រលាញ់ភេទដូចគ្នាក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិកមួយនេះ រួមមានការជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំសម្រាប់អ្នកដែលត្រូវបានកាត់ទោស និងហាមប្រាមការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា ទំនាក់ទំនងភេទដូចគ្នា ព្រមទាំងសមាជិកភាពនៃក្រុមសិទ្ធិស្រឡាញ់ភេទដូចគ្នាផងដែរ៕


