កូរ៉េខាងជើង៖ សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃចន្ទ (៤ កញ្ញា) ដោយសំអាងដល់ប្រភពសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែកញ្ញានេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធសម្រាប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
សារព័ត៌មាននោះបាននិយាយថា លោក គីម នឹងធ្វើដំណើរពីទីក្រុងព្យុងយ៉ាង ដោយប្រហែលជាធ្វើដំណើរដោយរថភ្លើងពាសដែក ទៅកាន់ទីក្រុង Vladivostok ( វ្ល៉ាឌីវ៉ូស្តុក) នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសរុស្ស៊ី ជាទីដែលលោកនឹងជួបជាមួយលោកពូទីន។
មេដឹកនាំកូរ៉េរូបនោះបានជួបរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅទីក្រុងព្យុងយ៉ាងក្នុងខែកក្កដា ជាទីដែលអ្នកទាំងពីរបានចូលរួមពិធីដង្ហែរក្បួនយោធាដ៏ធំមួយដើម្បីរំលឹកខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ៕
