ប៉ាគីស្ថាន៖ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសប៉ាគីស្ថាន បានអះអាងកាលពីថ្ងៃចន្ទថា គ្រឿងយុទ្ធោបករណ៍របស់សហរដ្ឋអាមេរិកដែលបានបន្សល់ទុកក្នុងអំឡុងពេលការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន បានធ្លាក់ទៅក្នុងដៃក្រុមសកម្មប្រយុទ្ធ ហើយទីបំផុត បានធ្វើដំណើរទៅកាន់ក្រុមតាលីបង់ប៉ាគីស្ថាន។
លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ុល ហាក កាកា (Anwaar-ul-Haq Kakar) បាននិយាយថា បរិក្ខារដែលរួមមានរបស់របរជាច្រើនប្រភេទ ចាប់ពីវ៉ែនតាការពារពេលយប់ រហូតដល់អាវុធ ឥឡូវនេះ កំពុងក្លាយជាបញ្ហាប្រឈមថ្មីសម្រាប់ទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad) ខណៈដែលវាបានពង្រឹងសមត្ថភាពប្រយុទ្ធរបស់ពួកតាលីបង់ប៉ាគីស្ថាន។
ពួកតាលីបង់ប៉ាគីស្ថាន ដែលគេស្គាល់ថា Tehrik-e-Taliban Pakistan ឬ TTP ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានធ្វើការវាយប្រហារកាន់តែខ្លាំងទៅលើកងកម្លាំងសន្តិសុខប៉ាគីស្ថាន។ ពួកគេជាក្រុមសកម្មប្រយុទ្ធដាច់ដោយឡែក ប៉ុន្តែជាសម្ព័ន្ធមិត្តរបស់ពួកតាលីបង់អាហ្វហ្គានីស្ថាន។
ពួកតាលីបង់ បានចូលលុកលុយអាហ្វហ្គានីស្ថាន នៅពាក់កណ្តាលខែសីហាឆ្នាំ២០២១ ខណៈដែលកងទ័ពសហរដ្ឋអាមេរិក និងអង្គការណាតូ ស្ថិតនៅក្នុងសប្តាហ៍ចុងក្រោយនៃការដកខ្លួនចេញពីប្រទេសដែលមានភាពវឹកវរ បន្ទាប់ពីសង្គ្រាម២០ឆ្នាំ។ ដោយប្រឈមនឹងការវាយលុករបស់ពួកតាលីបង់ យោធាអាហ្វហ្គានីស្ថានដែលគាំទ្រ និងបណ្តុះបណ្តាលដោយសហរដ្ឋអាមេរិកបានចុះចាញ់៕

