ជប៉ុន៖ ក្រសួងការបរទេសជប៉ុន បាននិយាយថា ជប៉ុន បា្រប់ទៅអង្គការពាណិជ្ជកម្មពិភពលោកឬ (WTO) ថាបម្រាមរបស់ប្រទេសចិន លើអាហារសមុទ្ររបស់ជប៉ុន បន្ទាប់ពីមានការបង្ហូរសំណល់ទឹកមានសារធាតុនុយក្លេអ៊ែរចេញពីរោងចក្រហ្វូគីស៊ីម៉ាមិនអាចទទួលយកបានទាល់តែសោះ។
នៅក្នុងការប្រឆាំងតបទៅនឹងការជូនដំណឹងកាលពីថ្ងៃទី ៣១ ខែសីហារបស់ប្រទេសចិនទៅកាន់ WTO ស្តីពីវិធានការរបស់ខ្លួនក្នុងការផ្អាកការនាំចូលជលផលរបស់ប្រទេសជប៉ុនដែលបានចាប់ផ្តើមកាលពីខែមុន ប្រទេសជប៉ុនបាននិយាយថា ជប៉ុននឹងពន្យល់ពីជំហររបស់ខ្លួននៅក្នុងគណៈកម្មាធិការពាក់ព័ន្ធរបស់ WTO និងបានជំរុញឲ្យប្រទេសចិនលុបចោលសកម្មភាពនេះជាបន្ទាន់។
ក្រុមមន្ត្រីជប៉ុនមួយចំនួន បានបង្ហើបពីលទ្ធភាពនៃការដាក់ពាក្យបណ្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោកពាក់ព័ន្ធនឹងបម្រាមនាំចេញគ្រឿងសមុទ្រដ៏សំខាន់របស់ប្រទេសចិន ដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសជប៉ុន បាននិយាយកាលពីសប្ដាហ៍មុនថា ជារឿងដែលសហរដ្ឋអាមេរិកនឹងគាំទ្រ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃចន្ទ ក្រសួងការពារបរទេសជប៉ុន បាននិយាយថា ជប៉ុនក៏បានស្នើទៅប្រទេសចិនផងដែរឲ្យរៀបចំកិច្ចពិភាក្សាជុំវិញបម្រាមនាំចេញអាហារពាក់ព័ន្ធនឹងរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ផ្អែកលើការផ្ដល់នៃសន្ធិសញ្ញាពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៕

