អេត្យូពី៖អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពអេរីទ្រី ដែលជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលរបស់ប្រទេសអេត្យូពី «បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងលទ្ធភាពឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងតំបន់ទីហ្គ្រេ (Tigray) ការរំលោភ ការយកធ្វើជាទាសករ និងការសម្លាប់ជនស៊ីវិលអស់រយៈពេលជាច្រើនខែ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។
ដោយត្រូវបានគេដាក់ឈ្មោះថា «កូរ៉េខាងជើង» នៃទ្វីបអាហ្រ្វិក ប្រទេសអេរីទ្រី ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១ បន្ទាប់ពីបានបញ្ជូនកងទ័ពទៅកាន់តំបន់ទីហ្គ្រេ ដើម្បីគាំទ្រដល់កងកម្លាំងសហព័ន្ធរបស់ប្រទេសអេត្យូពី ជាមួយនឹងទាហានរបស់ខ្លួនដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ការរំលោភ និងការលួច ក្នុងអំឡុងពេលសង្រ្គាមពីរឆ្នាំ។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ រវាងរដ្ឋាភិបាលរបស់ប្រទេសអេត្យូពី និងពួកឧទ្ទាមទីហ្គ្រេ (Tigrayan) បានអំពាវនាវឲ្យមានការដកកងកម្លាំងបរទេសចេញពីតំបន់នេះ។
ប៉ុន្តែប្រទេសអេរីទ្រី មិនមែនជាភាគីនៃកិច្ចព្រមព្រៀងនេះទេ ហើយកងទ័ពរបស់ខ្លួន នៅតែបន្តមានវត្តមាននៅតំបន់ព្រំដែន នេះបើយោងតាមក្រុមអ្នកស្រុក។
អង្គការ Amnesty បានសម្ភាសមនុស្សចំនួន ៤៩នាក់ ក្នុងខែឧសភា និងមិថុនា នៅក្នុងស្រុកព្រំដែនម៉ារៀម សេវីតូ ( Mariam Shewito) និង កូកូប ទីបា (Kokob Tsibah) ដោយបញ្ជាក់សក្ខីកម្មរបស់ពួកគេជាមួយនឹងរូបភាពផ្កាយរណប ក៏ដូចជាគណនីរបស់អ្នកធ្វើការផ្នែកសង្គម អ្នកជំនាញវេជ្ជសាស្រ្ត និងមន្ត្រីរដ្ឋាភិបាល។

