កូឡុំប៊ី៖ រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ី និងក្រុមឧទ្ទាមកងទ័ពរំដោះជាតិ (ELN) បានបញ្ចប់កិច្ចចរចាសន្តិភាពជុំទី៤ កាលពីថ្ងៃចន្ទ (៤ កញ្ញា) ក្នុងប្រទេសវេណេហ្ស៊ុយអេឡា ស្របពេលមានបទឈប់បាញ់ ដែលក្រុមមន្ត្រីសង្ឃឹមថា នឹងនាំទៅដល់ការបញ្ចប់ជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។
ប្រមុខប្រេសិតរបស់ក្រុម ELN លោក Pablo Beltran បាននិយាយថា ក្រុមប្រេសិតបានយល់ព្រមជួយប្រជាជន និងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយជម្លោះ។ ក្រុមទាំងនោះបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ទ្វេភាគីរយៈពេលប្រាំមួយខែក្នុងខែមិថុនា ដែលចូលជាធរមានកាលពីថ្ងៃទី៣ ខែសីហា។
ជុំបន្ទាប់នៃកិច្ចពិភាក្សា នឹងធ្វើឡើងនៅប្រទេសម៉ិកស៊ិក នេះបើយោងតាមគណៈប្រតិភូ។ កិច្ចព្រមព្រៀងនេះ គឺជារបកគំហើញដ៏សំខាន់បំផុតនៅក្នុងកិច្ចចរចា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Gustavo Petro ដើម្បីសម្រេចបាន «សន្តិភាពពេញលេញ» ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធជិតប្រាំមួយទសវត្សរ៍ ដែលបានធ្វើឱ្យមនុស្ស៤៥០.០០០នាក់បានស្លាប់ក្នុងប្រទេសកូឡុំប៊ី នេះផងដែរ៕

