ខ្សែបម្រើស្លាបក្រុមបិសាចក្រហម Manchester United, Antony មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីល ឡើយក្រោមការចោទប្រកាន់ថាមានប្រើប្រាស់អំពើហឹង្សាលើអតីតមិត្តស្រី។
សហព័ន្ធបាល់ទាត់ប្រេស៊ីលបានបញ្ជាក់ថា កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានដកឈ្មោះស្របពេលរឿងអាស្រូវដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមនោះ ត្រូវទាមទារការស៊ើបអង្កេត។

សារព័ត៌មានប្រេស៊ីលមួយបានចុះផ្សាយពីរឿងអាស្រូវរបស់អតីតកីឡាករ Ajax រូបនេះជាមួយអតីតមិត្តស្រីកាលពីថ្ងៃចន្ទ។
មន្ត្រីមានសមត្ថកិច្ចនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល និងក្រុង Manchester កំពុងបើកការស៊ើបអង្កេតជុំវិញបញ្ហានេះ។
Antony បានបង្ហោះសារឆ្លើយតបវិញផងដែរនៅលើបណ្តាញសង្គមរបស់ខ្លួនថា រឿងទាំងអស់សុទ្ធតែមិនពិត ហើយភស្តុតាងសុទ្ធតែត្រូវបានបង្កើតឡើង ហើយជឿជាក់ថាប៉ូលីសនឹងស៊ើបអង្កេតរឿងនេះឱ្យបានច្បាស់។
បើតាមសារព័ត៌មានប្រេស៊ីល UOL បានចុះផ្សាយថា អតីតមិត្តស្រីរបស់ Antony, Gabriela Cavallin ថានាងត្រូវបាន Antony វាយនៅក្នុងបន្ទប់សណ្ឋាគារមួយនៅទីក្រុង Manchester កាលពីថ្ងៃទី១៥ ខែមករាបណ្តាលឱ្យបែកក្បាល និងមានការវាយតប់ផ្សេងទៀត ដែលធ្វើឱ្យនាងត្រូវព្យាបាលនៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា នេះជារឿងអាស្រូវហឹង្សាមួយទៀតដែលកើតឡើងចំពោះកីឡាកររបស់ Manchester United តែនៅរង់ចាំការស៊ើបអង្កេតនៅឡើយ។
កន្លងមក Mason Greenwood ក៏មានរឿងអាស្រូវស្រដៀងគ្នានេះដែរ និងឈានដល់ចាប់ពន្ធនាគារ មុនពេលលើកលែងទោសកាលពីខែកុម្ភៈកន្លងទៅ។
អវត្តមានរបស់ Antony នៅក្រុមប្រេស៊ីលនឹងត្រូវជំនួសដោយខ្សែប្រយុទ្ធ Arsenal, Gabriel Jesus សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោកទល់នឹង បូលីវៀ និងពែរូ៕ អត្ថបទ៖នាង សុភាវុធ
