UN៖ ក្រុមអ្នកជំនាញដែលតែងតាំងដោយអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យកងកម្លាំងរបស់មេបញ្ជាការយោធាលីប៊ីដ៏មានឥទ្ធិពលម្នាក់ បញ្ឈប់ការបណ្តេញអ្នកស្រុក និងវាយកម្ទេចផ្ទះសម្បែងរបស់ពួកគេនៅក្នុងទីក្រុងបេងហាហ្ស៊ី ( Benghazi) ភាគខាងកើតប្រទេសលីប៊ី។
ក្រុមអ្នកជំនាញនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពជាតិលីប៊ី ដែលដឹកនាំដោយ លោក ខាលីហ្វា ហ៊ីហ្វតឺ ( Khalifa Hifter) ចាប់តាំងពីខែមីនា បានបណ្តេញអ្នកស្រុកជាង២០.០០០ នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ«ដោយការជូនដំណឹងខ្លីបំផុត»។
ពួកគេ ក៏បាននិយាយផងដែរថា ការបំផ្លិចបំផ្លាញនៅកណ្តាលទីក្រុង «កំពុងរីករាលដាលក្នុងលក្ខណៈគួរឲ្យព្រួយបារម្ភ» ដោយអ្នកស្រុកត្រូវបានបណ្តេញចេញ និងបង្ខំឲ្យបោះបង់ចោលនូវទ្រព្យសម្បត្តិ ឬឯកសារកម្មសិទ្ធិរបស់ពួកគេ។
ការបំផ្លិចបំផ្លាញនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍នៅក្នុងទីក្រុង នេះបើយោងតាមរបាយការណ៍ក្នុងស្រុក។
ក្រុមអ្នកជំនាញ បាននិយាយថា៖«ការវាយកម្ទេចដោយចេតនា រួមទាំងសង្កាត់ប្រវត្តិសាស្ត្រ ទីតាំងបេតិកភណ្ឌដែលត្រូវបានការពារ និងលំនៅឋានជាច្រើន បានបង្កការប៉ះពាល់ដល់ស្ថាបត្យកម្មទីក្រុង និងបេតិកភណ្ឌរស់រវើកនៅរបស់ទីក្រុង រួចទៅហើយ»៕


