ភ្នំពេញ៖ ប្រលាយមេធំៗសំខាន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានីគិតគូរយកចិត្តទុកដាក់ ដោយបានធ្វើការកាយ និងស្តារប្រលាយទាំងអស់ ដើម្បីរំដោះទឹក រាល់ពេលមានការជន់លិច នៅតាមតំបន់មួយចំនួន ខណៈដែលរដូវនេះ ក៏ជារដូវវស្សា ដែលមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ផងនោះ ។
ប្រឡាយសំខាន់ៗ ដែលជាអាទិភាពខ្ពស់ សម្រាប់ការរំដោះទឹក មានប្រលាយបឹងត្របែក ក៏ដូចជាប្រលាយបឹងសាឡាងជាដើម ដែលជាប្រព័ន្ធចរន្តបង្ហូរទឹកដ៏ចម្បង ដោយរំដោះទឹកពីតាមបណ្តាខណ្ឌធំៗជាច្រើន នៃកណ្តាលរាជធានីភ្នំពេញ ។
ជាក់ស្តែងបច្ចុប្បន្ន គេក៏បានសង្កេតឃើញ ក្រុមមន្ត្រីជំនាញ បានដាក់គ្រឿងចក្រ និងអេស្កាវ៉ាទ័រ បានធ្វើកាយ និងស្តារប្រឡាយ អោយមានមុខកាត់ធំជាងមុន និងកាយយកជម្រៅជ្រៅទៅក្រោមផងដែរ ដើម្បីធានាបានថា រាល់ពេលមានភ្លៀងខ្លាំងបង្កជាការជន់លិច ទឹកអាចហូរទៅបានលឿន មិនមានការកកស្ទះនោះឡើយ ។
ប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ក៏បានបង្ហាញក្តីរីករាយផងដែរ ពេលសង្កេតឃើញថា អាជ្ញាធរបានយកចិត្តទុកដាក់ធ្វើការស្តារ និងកាយប្រឡាយធំៗ ដើម្បីរំដោះទឹក ព្រោះកន្លងទៅ នៅពេលមិនទាន់មានការកាយប្រឡាយឱ្យបានធំនោះ ពលរដ្ឋតែងឧស្សាហ៍ជួបការជន់លិចជាខ្លាំងនៅរៀងរាល់ភ្លៀងខ្លាំងម្តងៗ ដោយលិចដល់តាមខ្នងផ្ទះ ក៏ដូចជាជន់លិចតាមដងផ្លូវរំខានដល់ការធ្វើដំណើរជាដើម ។
គួររំលឹកផងដែរថា អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ បានណែនាំដល់ក្រុមមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវស្ដារលូ និងប្រឡាយមេធំៗជាបន្ទាន់ដើម្បីរំដោះទឹកភ្លៀងកុំឱ្យមានការជន់លិច ប៉ះពាល់ដល់ពលរដ្ឋ ។ ការណែនាំរបស់លោកអភិបាល ធ្វើឡើងគ្រាដែលលោក និងក្រុមមន្ត្រី ចុះទៅចុះពិនិត្យមើលប្រព័ន្ធលូ និងប្រឡាយបឹងសាឡាង ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាឱ្យលូ និងប្រឡាយទាំងនេះ អាចរំដោះទឹកបាន នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ ៕ អត្ថបទ ៖ លីហេង








