អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចុះសួរសុខទុក្ខកងទ័ពដែលកំពុងប្រយុទ្ធនៅក្នុងតំបន់ Donetsk។ លោក Zelenskyy បានផ្តល់ដល់កងទ័ពនូវមេដាយ រួមមានរង្វាន់«វីរបុរសអ៊ុយក្រែន» សម្រាប់មន្ត្រីម្នាក់ដែលបានចូលរួមក្នុងការការពារទីក្រុង Mariupol។
ដំណើរចុះសួរសុខទុក្ខនេះធ្វើឡើងខណៈអ៊ុយក្រែននិយាយថា កងទ័ពរបស់ខ្លួន ដណ្តើមបានមកវិញទឹកដីបន្ថែមទៀតនៅសមរភូមិភាគខាងកើត ហើយកំពុងវាយរុលចូលទៅភាគខាងត្បូងបន្ថែមទៀត ក្នុងការវាយបករបស់ពួកគេទៅលើកងកម្លាំងរុស្ស៊ី។
អនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី Hanna Maliar បាននិយាយថាកងកម្លាំងទីក្រុងគីវដណ្តើមបានមកវិញទឹកដីប្រមាណ៣គីឡូម៉ែត្រក្រឡាកាលពីសប្តាហ៍កន្លងទៅនេះនៅជុំវិញទីក្រុង Bakhmut ភាគខាងកើត ដែលត្រូវបានដណ្តើមយកដោយកងទ័ពរុស្ស៊ីកាលពីខែឧសភាបន្ទាប់ពីជាច្រើនខែនៃការប្រយុទ្ធគ្នាខ្លាំង។
លោកស្រីក៏បានរាយការណ៍ ពីជោគជ័យដែលមិនច្បាស់លាស់ ក្នុងទិសដៅនៅភូមិចំនួន២ នៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតនោះទេ។
លោកស្រី Maliar បានសរសេរនៅលើកម្មវិធីផ្ញើរសារតាមបណ្តាញតេឡេក្រាមថា បច្ចុប្បន្ននេះអ៊ុយក្រែនដណ្តើមបានមកវិញទឹកដីប្រមាន៤៧គីឡូម៉ែត្រក្រឡា ចាប់តាំងពីការចាប់ផ្តើមការវាយបករបស់ខ្លួនកាលពីដើមខែមិថុនា៕

