អាហ្វ្រិក៖ អង្គការសប្បុរសធម៌ពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា កុមារយ៉ាងហោចណាស់១,៨៥លាននាក់ នៅអនុតំបន់សាហារ៉ាអាហ្វ្រិក បានភៀសខ្លួននៅក្នុងប្រទេសរបស់ពួកគេ ដោយសារតែគ្រោះមហន្តរាយបង្កឡើងដោយអាកាសធាតុនៅចុងឆ្នាំ២០២២ ជាតួលេខដែលស្ទើរតែជិតទ្វេដងកាលពីឆ្នាំមុន។ អង្គការសង្គ្រោះកុមារ (Save the Children) ជាអង្គការសប្បុរសធម៌បង្កើតឡើងនៅក្នុងទីក្រុងឡុងដ្រ៍លើកឡើងពីទិន្ន័យពីមជ្ឈមណ្ឌលតាមដានការភៀសខ្លួនខាងក្នុងប្រទេសបាននិយាយថា ក្នុងចំណោមកុមារទាំងនេះ មួយចំនួន បានភៀសខ្លួនចេញច្រើនដង ខណៈអ្នកផ្សេងទៀតទើបតែម្តង ប៉ុន្តែទាំងអស់នេះ នៅតែភៀសខ្លួនចេញពីលំនៅឋាននៅចុងឆ្នាំ ដោយរស់នៅក្នុងជំរំ ឃ្លាតឆ្ងាយពីគ្រួសារ ឬការរៀបចំបណ្តោះអាសន្នផ្សេងទៀត។
លោកស្រី Kijala Shako ប្រធានគាំទ្រ ទំនាក់ទំនង យុទ្ធនាការ និងប្រព័ន្ធផ្សព្វផ្សាយប្រចាំនៅការិយាល័យតំបន់អាហ្វ្រិកខាងត្បូង និងខាងកើត របស់អង្គការ Save the Children បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅក្នុងទីក្រុង Nairobi រដ្ឋធានីប្រទេសកេនយ៉ាថា នៅពេលកុមារបាត់បង់ផ្ទះសម្បែង ពួកគេបានបាត់បង់ស្ទើរតែគ្រប់អ្វីៗ ដូចជាដំណើរការចំពោះការថែទាំសុខភាព ការសិក្សាអប់រំ អាហានិងសុវត្ថិភាព។
លោកស្រី Shako និយាយថា លោកស្រីសង្ឃឹមថា មេដឹកនាំដែលកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលអាកាសធាតុអាហ្វ្រិកដែលកំពុងបន្តក្នុងទីក្រុង Nairobi នឹងទទួលស្គាល់ថាវិបត្តិអាកាសធាតុ នឹងមានផលប៉ះពាល់ដ៏មហន្តរាយលើជីវិតរស់នៅរបស់កុមារ និងមានការឆ្លើយតបចំពោះតម្រូវការនិងសិទ្ធរបស់កុមារ៕

