អ៊ុយក្រែន៖ លោកអេរីក ម៉ូស( Erik Møse) ដែលជាប្រធានគណៈកម្មាការ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគីវ កាលពីថ្ងៃទី៤ ខែកញ្ញាថា គណៈកម្មាការស៊ើបអង្កេតអន្តរជាតិឯករាជ្យរបស់អង្គការសហប្រជាជាតិនៅអ៊ុយក្រែន មិនទាន់អាចសន្និដ្ឋានបានថា ប្រទេសរុស្ស៊ីកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែនទេ។
លោកម៉ូស បាននិយាយថា៖ «នៅដំណាក់កាលបច្ចុប្បន្ន យើងនៅមិនទាន់សន្និដ្ឋានបានថា មានអំពើប្រល័យពូជសាសន៍ដែលកើតឡើងនៅអ៊ុយក្រែនទេ»។
“ខ្ញុំសូមនិយាយថា យើងដឹងច្បាស់អំពីកង្វល់និងការចោទប្រកាន់ជុំវិញឧក្រិដ្ឋកម្ម… យើងកំពុងស៊ើបអង្កេតរឿងនេះជាជំហានៗ។ រហូតមកដល់ពេលនេះ យើងមិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបំពេញតាមលក្ខណៈសម្បត្តិផ្លូវច្បាប់នៃអនុសញ្ញាស្តីពីប្រល័យពូជសាសន៍នោះទេ»។
ស្របពេលជាមួយគ្នានេះ លោកម៉ូស បានចង្អុលបង្ហាញថា គណៈកម្មការនេះ បានកត់ត្រានូវការរំលោភបំពានមួយចំនួនធំ ដោយកងកម្លាំងរុស្ស៊ី រួមទាំងការសម្លាប់ដោយចេតនា ការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម ការចាប់រំលោភ និងទម្រង់ផ្សេងទៀតនៃអំពើហិង្សាផ្លូវភេទ និងការនិរទេសកុមារជាដើម៕
