សៀមរាប៖ រយៈពេល៨ខែ ឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេស ទៅទស្សនាកម្សាន្តនៅរមណីដ្ឋានអង្គរ ចំនួនជិត ៥០ម៉ឺននាក់ និងទទួលបានចំណូលពីការលក់សំបុត្រជូនភ្ញៀវទេសចរទាំងនោះ ប្រមាណជាង២៣លានដុល្លារ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី០៤ ខែកញ្ញាម្សិលមិញ ។
គ្រឹះស្ថានអង្គរ បានឱ្យដឹងថា សម្រាប់ខែសីហា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ជាង២លាន ៧៧ម៉ឺនដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួនជិត៥ម៉ឺននាក់ ហើយក្នុងរយៈពេល៨ខែនេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុបជិត ១លានដុល្លារ ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនា រមណីយអង្គរ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា ។
ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ធ្លាប់បានប្រាប់BTVកាលពីពេលថ្មីៗនេះថា ចាប់ពីខែ សីហា ដល់ខែធ្នូ ឆ្នាំ២០២៣ ជារដូវសម្បូរភ្ញៀវ ហើយរំហូរនៃភ្ញៀវទេសចរទៅកាន់ខេត្ដសៀមរាប ភាគ ច្រើនមកពីអឺរ៉ុប ខណៈក្រសួងទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ បានធ្វើការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៅប្រទេសកម្ពុជា ព្រមទាំងវត្តមានព្រលានយន្ដហោះអន្ដរជាតិថ្មីមួយផងដែរ ។
ឯកឧត្តម បានរំពឹងថា ឆ្នាំ២០២៣ អាចនឹងមានអ្នកទេសចរទិញសំបុត្រចូលទស្សនាអង្គរ ចំនួន ជាង៨០ម៉ឺននាក់ លើសពីផែនការ ដែលបានគ្រោងទុក របស់ក្រសួងទេសចរណ៍ ហើយនឹងទទួលចំណូល ប្រមាណ៣៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរ ។
សូមបញ្ជាក់ថា បើយោងតាមការព្យាករ កម្ពុជា រំពឹងថា នឹងទទួលបានទេសចរអន្តរជាតិកម្រិតខ្ពស់ ដូចឆ្នាំ២០១៨ មុនវិបត្តិកូវីដ-១៩ យ៉ាងយូរត្រឹមឆ្នាំ២០២៦ ខណៈដែលវិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍន៍នានា បាចូលរួមធ្វើឱ្យសៀមរាបអង្គរ កា្លយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធ




