ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងឱ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៣នេះថា ក្រសួង-ស្ថាប័នភាគច្រើនបានប្រគល់ភារកិច្ច និងកំណត់របៀបរបបការងារតាមសាមីក្រសួងនីមួយៗរួចរាល់ ខណៈគ្រោងនឹងបញ្ចប់ការរៀបចំបែងចែកក្នុងសប្តាហ៍នេះ។
បន្ទាប់ពីកាលពីថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារសំឡេងណែនាំរឲ្យក្រសួងស្ថាប័នត្រូវរៀបចំរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការចំណុះក្រសួងឱ្យបានរួចរាល់ត្រឹមសប្ដាហ៍នេះ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា ភ្លាមៗក្រោយពីទទួលបានការណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួង ស្ថាប័នដែលមិនទាន់បានរៀបចំ បែងចែកការងារនោះ បានរៀបចំបែងចែកភារកិច្ច និងតួនាទីរបស់ថ្នាក់ដឹកនាំចំណុះក្រសួងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាបន្តបន្ទាប់។
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា ក្រោយពីបែងចែកភារកិច្ចថ្នាក់ដឹកនាំចំណុះក្រសួងស្ថាប័ននានា មន្រ្តីទាំងអស់មានភារកិច្ចច្បាស់លាស់ក្នុងការបំពេញការងារជូនក្រសួង រួមទាំងពន្លឿនដល់គោលដៅកំណែទម្រង់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ។
សូមជម្រាបថា រយៈពេល២ថ្ងៃកន្លងមកនេះ ក្រសួងជាច្រើនបានចេញសេចក្តីសម្រេចស្តីពីការរៀបចំបែងចែងភារកិច្ច និងតួនាទី ដើម្បីសំដៅធានាឲ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ក្រសួងនីមួយៗ និងប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕អត្ថបទ សេក ឧត្តម