ភ្នំពេញ៖ ក្រោយពី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសចាប់ផ្តើមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ផ្តើមចេញពីសាលារៀនចំនួន ៤៤ កន្លែងដំបូងនៅស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ នៅពេលនេះ ក្រសួងបរិស្ថាន បានសម្រេចបង្កើនកិច្ចសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ពង្រីកការអនុវត្តយុទ្ធនាការនេះនៅតាមសាលារៀនកម្រិតទូទាំងប្រទេសក្រោមពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងប្រាប់ BTV នៅថ្ងៃទី៥ ខែកញ្ញានេះថា នៅក្នុងដំណើរការអនុវត្តយុទ្ធនាការកាត់បន្ថយថង់បា្លស្ទិច ក្រោមពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» និង «ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង» ដែលផ្តើមចេញពីសិស្សានុសិស្សនៅតាមសាលារៀននេះ គឺក្រសួងបរិស្ថាន និងក្រសួងអប់រំយុវជន និងកីឡា នឹងស្នើសុំឲ្យសាលារៀននានា អាចជ្រើសពេលមួយសប្តាហ៍ យកពេលមួយថ្ងៃ មិនមានការប្រើប្រាស់ថង់បា្លស្ទិចនៅក្នុងសាលារៀននោះទេ។
បើតាមនាយកសាលាបឋមសិក្សាប៊ុនរ៉ានី ហ៊ុន សែន ព្រែកសំរោង និងសិស្សានុសិស្ស នៅក្រុងតាខ្មៅ នៅខេត្តកណ្តាល ក៏ដូចសាលារៀន ផ្សេងៗទៀតដែរគឺបានត្រៀមខ្លួនរួចហើយ និងមានពេញចិត្តចូលរួមអនុវត្តយុទ្ធនាការនេះ ដើម្បីធ្វើឲ្យសោភ័ណ្ឌសលារៀនមានបរិស្ថានស្អាត និងលើកកម្ពស់សុខភាពសិស្សានុសិស្សនៅតាមសាលារៀនជាដើម។
សូមបញ្ជាក់ថានៅរាជធានីភ្នំពេញ សំណល់សំរាមជាង ៣ ៥០០ តោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ក្នុងនោះ ២០% ជាសំរាមប្លាស្ទិក។ ដើម្បីដោះស្រាយការបំពុលចេញប្លាស្ទិកនេះក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធបានអនុវត្តការលើកកម្ពស់វិធាន 4Rs (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ពីវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ៕ អត្ថបទ ស៊ុម សុខជា