ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាងបង្ការជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋដល់ទៅជាង ២លាន ៣៦ម៉ឺននាក់ហើយនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសជាង ១០០ថ្ងៃកន្លងមកនេះ។
ក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសម្រេចបាន ២៣.៦២ភាគរយនៃចំនួនប្រជាពលរដ្ឋ ១០លាននាក់ដែលរាជរដ្ឋាភិបាលកំណត់ចាក់វ៉ាក់សាំងនៅឆ្នាំនេះ។
បើតាមរបាយការណ៍ដដែលនេះ ប្រជាពលរដ្ឋជាងជាង ១លាន ៧៥ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងទាំងពីរដូសរួចរាល់។
នៅក្នុងរយៈពេល ១០៦ថ្ងៃកន្លងមកនេះ យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស បានទទួលពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងដល់ទៅជាង ២លាន ៤១ម៉ឺននាក់ ប៉ុន្តែ ប្រជាពលរដ្ឋជាង ៥ម៉ឺននាក់ មិនត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនោះឡើយដោយសារបញ្ហាសុខភាពរបស់ពួកគេ។
កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួននៅទូទាំងប្រទេសដើម្បីបង្ការជំងឺកូវីដ-១៩ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈកន្លងមកនេះ ដោយដំណើរការបាន ១០៦ថ្ងៃរួចមកហើយ៕