កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីការបរទេស លោក ផាក ជីន ( Park Jin) បានថ្លែងថា កិច្ចខិតខំប្រឹងប្រែង កំពុងដំណើរការដើម្បីផ្ទេរមូលនិធិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក្នុងការដោះលែងពលរដ្ឋអាមេរិកជាថ្នូរនឹងការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់។
ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា លោកផាក បានប្រាប់សមភាគីអ៊ីរ៉ង់របស់លោក គឺលោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទថា ប្រទេសពាក់ព័ន្ធ កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហានេះ។
ក្រសួងនេះ បានឲ្យដឹងទៀតថា លោកផាក និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយកាលពីខែមុនសម្រាប់ការដោះលែងពលរដ្ឋអាមេរិកចំនួន ៥នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ចំនួន៦ ពាន់លានដុល្លារនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងមិនត្រូវបានបង្កក៕


