ខ្សែបម្រើប៊ែលហ្ស៊ិក Marouane Fellaini និងក្លិបចិន Shandong Taishan បានព្រមព្រៀងចែកផ្លូវគ្នាហើយក្រោយចំណាយពេល ៥ រដូវកាល។
ក្លិបបាល់ទាត់ Shandong Taishan បានប្រកាសនៅថ្ងៃចន្ទលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ថាកីឡាករវ័យ ៣៥ ឆ្នាំប៊ែលហ្ស៊ិករូបនេះ នឹងចាកចេញពីក្លិបក្រោយចប់រដូវកាលនេះ។

Marouane Fellaini បានផ្លាស់ទៅកាន់ Shandong កាលពីឆ្នាំ ២០១៩ ដែលជាឆ្នាំនៃការចំណាយលុយច្រើនសន្ធឹកសន្ធាប់របស់ចិនលើការនាំយកកីឡាករឆ្នើមៗទៅកាន់លីគកំពូលរបស់ខ្លួន។
តែក្រោយមក វិបត្តិនៃមេរោគរាតត្បាតសកល Covid-19 និងវិបត្តិសេដ្ឋកិច្ចរបស់ចិនធ្ងន់ធ្ងរបច្ចុប្បន្ន បានបង្ខំឱ្យកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ចាកចេញពីក្លិប ហើយក្លិបមួយចំនួនក៏ប្រកាសក្ស័យធនដោយសារវិបត្តិហិរញ្ញវត្ថុ។
រយៈពេល ៥ រដូវកាលជាមួយ Shandong Taishan តាំងពីផ្លាស់ពី Manchester United, Fellaini បានស៊ុតបញ្ចូលទីសរុប ៣១ គ្រាប់នៅទឹកដីចិន៕ អត្ថបទ៖នាង សុភាវុធ
