ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា នេះ រាជរដ្ឋាភិបាល បានចំណាយថវិកាចំនួនជាង ១ លានដុល្លារ ផ្តល់ជូនដល់ស្រ្តីមានផ្ទៃពោះ ក្នុងការអនុវត្តកម្មវិធីនយោបាយគាំពារសង្គម ។ ថវិកានេះ បាន ជួយសម្រួលដល់ជីវភាពពួកគេខ្លះដែរ ។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៥ ខែកញ្ញា នេះ បានប្រាប់BTVថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតកម្ម វិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករ-និយោជិតជាស្រ្តីសម្រាលកូន តាំងពីឆ្នាំ២០១៨មកម្លេះ។ ដោយឡែកចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣មក ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ស្រ្តី ដែលជាសមាជិក ប.ស.ស ត្រូវបានបន្ថែមទាំងដំណាក់កាលមុនសម្រាល ក្រោយសម្រាល និងការចាក់វ៉ាក់សាំងកូន រហូតដល់អាយុ២ ឆ្នាំ ។ ហើយចាប់ពីថ្ងៃទី១ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា នេះ មានស្រ្តីសម្រាលកូន ចំនួន៥,២៩៥ នាក់ ទទួលបានកូនសរុបចំនួន៥,៣២២នាក់ រាប់បញ្ចូលទាំងអ្នកសម្រាលបានកូនភ្លោះ និងទៅបានពិនិត្យ សុខភាពមុនសម្រាល ចំនួនជាង១ម៉ឺនលើក ក្រោយសម្រាល ចំនួនជាង៣ពាន់លើក និងនាំកូនទៅចាក់វ៉ាក់ សាំង ចំនួនជាង៤ពាន់លើក ដែលគិតជាថវិកាឧបត្ថម្ភទាំង៤ដំណាក់កាល អស់ចំនួនជាង៤,៧១០លាន រៀល ស្មើនឹងប្រាក់ដុល្លារ ប្រមាណជា១,២លានដុល្លារ ។
ស្តី្រមានផ្ទៃពោះ បានលើកឡើងថា ការបន្ថែមប្រាក់ឧបត្ថម្ភដល់ដល់ពួកគេ គឺចូលរួមលើកកម្ពស់ សុខភាពម្តាយ និងកូន ព្រមទាំងបានកាត់បន្ថយការចំណាយប្រចាំថ្ងៃផងដែរ ។ ពួកគេអរគុណដល់រាជ រដ្ឋាភិបាល ដែលបង្កើតកម្មវិធីគាំពារសង្គមនេះឡើង ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតកម្រិតប្រាក់ឧបត្ថម្ភជូន កម្មករ និយោជិតជាស្រ្តី, មន្រ្តីរាជការជាស្រ្តី និងស្រ្តី នៃគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃ ពោះ រហូតដល់កូន២ឆ្នាំ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់ អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ក្នុងរយៈពេល១០០០ថ្ងៃដំបូង នៃជីវិត ។ ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែមនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣តទៅ ដោយផ្តល់ថវិកាសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន៤ដង និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការ រហូតដល់អាយុ២ឆ្នាំ ចំនួន១០ដង ៕អត្ថបទ៖ ទូច សោភ័ណ