ឥណ្ឌូណេស៊ី ៖ នៅថ្ងៃអង្គារនេះ ក្រុមមេដឹកនាំអាស៊ាន បានចាប់ផ្តើមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ នៅក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ស្របពេលកើតមានជម្លោះនៅក្នុងប្លុកមានរដ្ឋជាសមាជិក ១០ប្រទេសមួយនេះ ជុំវិញកិច្ចខិតខំស្វែងរកសន្តិភាពជាប់គាំងនៅសហភាពមីយ៉ាន់ម៉ា និងការប្រកួតប្រជែងក្នុងតំបន់រវាងសហរដ្ឋអាមេរិក និងចិន កាន់តែស្រួចស្រាល់ខ្លាំង ។
ថ្លែងនៅពេលបើកពិធីនៃកិច្ចប្រជុំកំពូលអាស៊ាន ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រទេសម្ចាស់ផ្ទះអាស៊ាន លោក ចូកូ វីដូដូ បានជំរុញឲ្យសមភាគីរបស់លោកមិនត្រូវរុញទូកអាស៊ានរបស់ពួកយើងចូលក្នុងសង្វៀនប្រកួតនោះទេ តែផ្ទុយទៅវិញ ត្រូវប្រើប្រាស់ប្លុកមួយនេះ បង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងនៅលើពិភពលោក ។
លោក វីដូដូ និយាយថា ពួកយើងយល់ឃើញថា ពិភពលោកនឹងមានបញ្ហា ។ ការងារប្រឈមនាពេលអនាគត កាន់តែធ្ងន់ជាងមុន បង្កើតឲ្យមានការប្រកួតប្រជែងអំណាច ។ ទោះបីជាយ៉ាងណាក៏ដោយ អាស៊ាន បានយល់ព្រមពុំធ្វើជាអាយ៉ងរបស់ប្រទេសមហាអំណាចណាមួយឡើយ ហើយពួកគេត្រូវធ្វើការរួមគ្នាជាមួយនរណាម្នាក់សម្រាប់សន្តិភាព និងវិបុលភាព ។
គួរឲ្យដឹងថា អាស៊ាន កំពុងព្យាយាមបញ្ជាក់ការជាប់ពាក់ព័ន្ធរបស់ខ្លួន ស្របពេលដែលស្នាមប្រេះស្រាំ បានលេចចេញជារូបរាង ដើម្បីឆ្លើយតបនឹងជម្លោះនៅក្នុងសហភាពមីយ៉ាន់ម៉ា ជាកន្លែងដែលយោធារឹបអូសអំណាចនៅក្នុងរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ ២០២១ ។
ឥណ្ឌូនេស៊ី បានព្យាយាមចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់នៅសហភាពមីយ៉ាន់ម៉ា ប៉ុន្តែវិធានការឯកតោភាគីរបស់ថៃដើម្បីបញ្ចូលក្រុមមេដឹកនាំយោធាគេចវេសរបស់ប្រទេសមួយនេះ ដែលត្រូវបានហាមឃាត់មិនឲ្យចូលរួមកិច្ចប្រជុំកម្រិតខ្ពស់របស់អាស៊ាន បានបិទបាំងភាពជឿជាក់របស់ប្លុកមួយនេះ ហើយនិងនាំឲ្យមានការបែងចែកនៅក្នុងរដ្ឋជាសមាជិក ៕

