ទីបំផុតអតីតខ្សែការពារជម្រើសជាតិអេស្ប៉ាញ Sergio Ramos ស្វែងរកទ្រនំបានហើយ ដោយផ្លាស់ទៅកាន់ក្លិបចាស់ Sevilla ក្រោយចាកចេញពីទីនោះ ១៨ ឆ្នាំ។
កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានចាកចេញពី Paris Saint Germain ក្រោយចប់រដូវកាលមុន។

“ជាថ្ងៃអស្ចារ្យបំផុតមួយនៅក្នុងជីវិត ការវិលត្រលប់មកផ្ទះយើងវិញតែងតែមានក្តីរីករាយបំផុត” នេះជាការលើកឡើងរបស់ Sergio Ramos ក្រោយចុះហត្ថលេខារយៈពេល ១ ឆ្នាំជាមួយ Sevilla។
Sergio Ramos ធ្លាប់ឈ្នះជើងឯក World Cup និង Euro ពីរលើកជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ដោយបង្ហាញខ្លួនសរុបបាន ១៨០ ប្រកួតក្នុងរយៈពេល ១៦ ឆ្នាំ។

Ramos ធំដឹងក្តីនៅទីក្រុង Seville និងបានចូលហាត់ជាមួយ Sevilla តាំងពីវ័យ ៧ ឆ្នាំ មុនឡើងលេងក្រុមធំដែលបង្ហាញខ្លួនបានសរុប ៥០ លើក ហើយផ្ទេរទៅ Real Madrid នៅឆ្នាំ ២០០៥។
Ramos បានចំណាយពេល ១៦ រដូវកាលជាមួយ Real Madrid បង្ហាញខ្លួនសរុបបាន ៦៧១ ប្រកួតឈ្នះពានសរុប ២២ ក្នុងនោះមាន La Liga ៥ លើក និង UEFA Champions League ៤ លើក។
ចុងក្រោយបំផុត Ramos ផ្លាស់មកកាន់ PSG ក្រោយចប់កិច្ចសន្យានៅ Real Madrid កាលពីឆ្នាំ ២០២១ និងចំណាយពេល ២ រដូវកាលនៅទីក្រុងប៉ារីសឈ្នះជើងឯក Ligue1 ពីរលើក៕ អត្ថបទ៖នាង សុភាវុធ
