ភ្នំពេញ៖ អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយឯកឧត្តមបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី នៅរដ្ឋធានីហ្សាការតា។
នាឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងដ៏រឹងមាំនៃប្រទេសទាំងពីរ និងបានពិភាក្សាសក្តានុពលនានាសម្រាប់កិច្ចសហការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យសេដ្ឋកិច្ច កំណែទម្រង់រដ្ឋបាល និងការអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នឹងធ្វើឡើងក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្ដោតលើការជំរុញចក្ខុ- វិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្ដល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹង ឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើ ការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ដើម្បីសម្រេចបាននូវអាស៊ានឆ្នាំ២០៤៥ ៕ ដោយ ៖ ឧត្ដម


