ហ្សំប៊ី ៖ ក្រុមអាជ្ញាធរសុខាភិបាលបាននិយាយកាលពីថ្ងៃចន្ទ (៤កញ្ញា) ថា យ៉ាងហោចណាស់មនុស្ស៤នាក់ បានស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺអាសន្នរោគថ្មីនៅក្នុងស្រុក Nsama ភាគខាងជើងប្រទេសហ្សំប៊ី។
លោក Roma Chilengi អគ្គនាយកនៃវិទ្យាស្ថានសុខភាពសាធារណៈជាតិហ្សំប៊ី (ZNPHI) បាននិយាយថា ជំងឺអាសន្នរោគថ្មីនេះ បានផ្ទុះឡើងនៅក្នុងស្រុកកាលពីខែមុន ហើយរហូតមកដល់ពេលនេះមានករណីសង្ស័យចំនួន១០៣ករណី ត្រូវបានកត់ត្រា ហើយ៤៥ករណីត្រូវបានបញ្ជាក់ថាវិជ្ជមាន។
លោក Chilengi បានប្រាប់អ្នកយកព័ត៌មានថា ករណីចំនួន២ត្រូវបានកត់ត្រាក្នុងរយៈពេល២៤ម៉ោងកន្លងមក ខណៈដែលមួយករណីត្រូវបានរំសាយចេញ។
យោងតាមលោក Chilengi បានឲ្យដឹងថា ក្រុមអាជ្ញាធរសុខាភិបាល បានប្រតិបត្តិការយ៉ាងសកម្មនៅលើមូលដ្ឋានចែកចាយសារធាតុក្លរ ព្រមទាំងផ្តល់វិធានការបង្ការ និងកាត់បន្ថយផ្សេងទៀត។ យ៉ាងណាមិញ លោកបានសម្ដែងការព្រួយបារម្ភថា ចាប់ផ្ដើមរដូវក្ដៅនេះ អាចនឹងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ដោយសារកង្វះទឹកប្រើប្រាស់៕

