ម៉ាឡេសុី ៖ ប្រទេសម៉ាឡេស៊ី បាននិយាយនៅថ្ងៃអង្គារ (៥ កញ្ញា) នេះថា ខ្លួនកំពុងពិចារណាលើនិយ័តកម្ម ដែលនឹងធ្វើឱ្យក្រុមហ៊ុនអ៊ីនធឺណិតខ្នាតយក្ស Googleរបស់ក្រុមហ៊ុនមេAlphabet និងក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook គឺក្រុមហ៊ុន Meta Platforms ផ្តល់សំណងដល់បណ្តាញព័ត៌មានសម្រាប់មាតិកាដែលបានមកពីប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។
គណៈកម្មការទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទម៉ាឡេស៊ី (MCMC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសម៉ាឡេស៊ីកំពុងពិភាក្សាជាមួយក្រុមហ៊ុន Google និងក្រុមហ៊ុន Meta ព្រមទាំងវេទិកាអនឡាញធំៗផ្សេងទៀត លើក្របខ័ណ្ឌច្បាប់។ ទីភ្នាក់ងារ MCMC ក៏កំពុងពិចារណាច្បាប់ស្រដៀងគ្នាទៅនឹងច្បាប់របស់ប្រទេសកាណាដា ដែលមានគោលបំណងគ្រប់គ្រងវេទិកាផ្សព្វផ្សាយ និងតម្រូវឱ្យពួកគេគាំទ្រមាតិកាកាណាដាវិញ។
ទីភ្នាក់ងារនោះបាននិយាយថា ច្បាប់នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីដោះស្រាយ «អតុល្យភាព» នៅក្នុងប្រាក់ចំណូលសម្រាប់វេទិកាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ព្រមទាំងដើម្បីធានា «សំណងសមរម្យសម្រាប់អ្នកបង្កើតមាតិកាព័ត៌មាន» ផងដែរ។
ទីភ្នាក់ងារ MCMC បានបន្ថែមថា ខ្លួនក៏កំពុងពិភាក្សាជាមួយវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ដើម្បីដោះស្រាយការខូចខាតតាមអ៊ីនធឺណិត ដូចជាមាតិកាទាក់ទងនឹងការរំលោភបំពានផ្លូវភេទលើកុមារ ការលេងល្បែងអនឡាញ និងការបោកប្រាស់ផ្នែកហិរញ្ញវត្ថុផងដែរ៕


