ប្រធានលីគបាល់ទាត់កំពូលរបស់អ៊ីតាលីបាននិយាយកាលពីថ្ងៃចន្ទថា Serie A ត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកដំណើរការប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដើម្បីផ្សាយផ្ទាល់ការប្រកួតនៅក្នុងប្រទេសអ៊ីតាលី ប្រសិនបើការលក់សិទ្ធិឱ្យទូរទស្សន៍ក្នុងស្រុកនៅតែបន្តមានតម្លៃស្ថិតក្រោមគម្រោង។
អាជ្ញាប័ណ្ណផ្សាយក្នុងស្រុកគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ក្លឹប Serie A ដូចជា Napoli, Juventus, AC Milan និង Inter Milan។
លីគបានពន្យារពេលរហូតដល់ថ្ងៃទី ១៥ ខែតុលា នៃការសម្រេចចិត្តលើការលក់សិទ្ធិផ្សាយផ្ទាល់ការប្រកួតនៅក្នុងប្រទេសអ៊ីតាលី បន្ទាប់ពីការផ្តល់ជូននៅតែទាបជាងតម្លៃប្រចាំឆ្នាំ ១ ពាន់លានអឺរ៉ូដែលក្លឹបស្វែងរកសម្រាប់រយៈពេល ៥ ឆ្នាំចាប់ពីរដូវកាល ២០២៤-២០២៥ តទៅ។
លោក Luigi De Siervo ប្រធានប្រតិបត្តិនៃក្របខ័ណ្ឌ Serie A បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅព្រឹត្តិការណ៍មួយនៅទីក្រុង Milan ថា "យើងមានរចនាសម្ព័ន្ធដើម្បីផ្តល់ (ការប្រកួត) ដោយផ្ទាល់ដល់អ្នកទស្សនា ដែលជម្រើសនេះកំពុងស្ថិតក្នុងការពិចារណា" ។
កាលពីដើមឆ្នាំនេះ លីគអ៊ីតាលីបានរៀបចំកិច្ចពិភាក្សាជាច្រើនជុំជាមួយទូរទស្សន៍ DAZN, Sky Italia និង MediaForEurope ដើម្បីបង្កើនតម្លៃលក់សិទ្ធិផ្សាយបន្តផ្ទាល់ក្នុងការប្រកួត។
ក្រោមកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំដែលនឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ Serie A កំពុងប្រមូលបានប្រហែល ៩៣០ លានអឺរ៉ូក្នុងមួយរដូវកាលពីការលក់សិទ្ធិរបស់ខ្លួននៅក្នុងប្រទេសអ៊ីតាលីដោយ DAZN៕ អត្ថបទ៖នាង សុភាវុធ
