មីយ៉ាន់ម៉ា ៖ ប្រភពដែលដឹងអំពីបញ្ហានេះ និងរដ្ឋាភិបាលស្រមោលដែលស្មោះត្រង់នឹងលោកស្រីស៊ូជី បាននិយាយនៅថ្ងៃអង្គារ (៥កញ្ញា) នេះថា អតីតមេដឹកនាំដែលត្រូវបានឃុំខ្លួនរបស់មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ ហើយសំណើសុំឱ្យគ្រូពេទ្យខាងក្រៅមកពិនិត្យលោកស្រី ត្រូវបានបដិសេធដោយមេដឹកនាំយោធារបស់ប្រទេសនេះ។
ម្ចាស់ជ័យលាភីណូបែលវ័យ ៧៨ឆ្នាំរូបនេះ ត្រូវបានព្យាបាលដោយវេជ្ជបណ្ឌិតនៃនាយកដ្ឋានពន្ធនាគារជំនួសវិញ។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា «លោកស្រីស៊ូជី មានអាការៈហើមអញ្ចាញធ្មេញ ហើយមិនអាចទទួលទានអាហារបានស្រួល ព្រមទាំងមានអារម្មណ៍ឈឺក្បាល និងក្អួតផងដែរ»។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១មក នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី និងបង្ក្រាបអ្នកប្រឆាំងនឹងការគ្រប់គ្រងដោយយោធា ដោយមានមនុស្សជាច្រើនជាប់ពន្ធនាគារ ឬត្រូវបានសម្លាប់ផងដែរ។
លោកស្រី ស៊ូជី កំពុងប្រឈមនឹងការឃុំខ្លួនរយៈពេល២៧ឆ្នាំ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋចំនួន១៩ករណី។ លោកស្រីបានបដិសេធរាល់ការចោទប្រកាន់ ដែលខ្លួនត្រូវបានកាត់ទោស រាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ ហើយបាននឹងកំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបទចោទទាំងនោះ។ កាលពីខែកក្កដា លោកស្រីស៊ូជី ត្រូវបានគេផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះពីពន្ធនាគារក្នុងរដ្ឋធានី Naypyitaw៕

