កីឡាការិនីវាយកូនបាល់បេឡារុស Aryna Sabalenka ក្លាយជាកីឡាការិនីលំដាប់លេខ ១ ពិភពលោកបន្ទាប់ពីបរាជ័យរបស់ Iga Swiatek ត្រឹមជុំទី ៤។
កីឡាការិនីវ័យ ២៥ ឆ្នាំរូបនេះនឹងក្លាយជាកីឡាការិនីទី ២៩ ក្នុងប្រវត្តិសាស្រ្តដែលកាន់កាប់តំណែងលេខ ១ ពិភពលោក និងជាកីឡាការិនីទី ៨ ប៉ុណ្ណោះដែលឈរជើងតំណែងលេខ ១ ពិភពលោកទាំងឯកតជន និងវាយគូនៅក្នុងអាជីព។

កីឡាការិនីប៉ូឡូញ Iga Swiatek បានកាន់កាប់តំណែងលេខ ១ នេះតាំងពីខែមេសាឆ្នាំ ២០២២ បន្ទាប់ពីការចូលនិវត្តន៍របស់កីឡាការិនីអូស្រ្តាលី Ashleigh Barty ហើយក៏បានគ្រងជើងឯក Grand Slam ៣ លើកបន្ថែមទៀត បន្ទាប់ពីឈ្នះលើកដំបូងនៅ French Open ឆ្នាំ ២០២០។

យ៉ាងណាក្តី ការប៉ុនប៉ងចង់ឈ្នះជើងឯក US Open របស់ Iga Swiatek ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃចន្ទម្សិលមិញ ក្រោយបរាជ័យក្រោមស្នាដៃកីឡាការិនីសញ្ជាតិឡេតូនី Jelena Ostapenko ៣-៦ ៦-៣ និង ៦-១ ខណៈ Ostapenko ដែលធ្លាប់ឈ្នះជើងឯក Grand Slam, French Open កាលពីឆ្នាំ ២០១៧ នោះ នឹងបន្តជួបជាមួយកីឡាការិនីក្តីសង្ឃឹមរបស់ម្ចាស់ផ្ទះអាមេរិក Coco Gauff នៅវគ្គ ៨ នាក់ចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ