
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ បាន បានបង្ហោះសាររម្លឹកថា ហាក់បីដូចជាការគាប់ជួន ឬទេវតារៀបចំ កាលសម្ដេចចូលរួមកិច្ចប្រជុំកំពូលអាស៊ានដំបូង ដែលជាកិច្ចប្រជុំលើកទី៣ នៅប្រទេសហ្វីលីពីនកាលពីឆ្នាំ ១៩៩៩ សម្ដេចជានាយកដ្ឋមន្រ្ដីដែលក្មេងជាងគេ គាប់ជួនពេលនេះ ការប្រជុំកំពូលលើកទី ៤៣ នៅឥណ្ឌូណេស៊ីឆ្នាំនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏ជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ាន ១១ រាប់ទាំងទីម័រខាងកើតផងដែរ។
សម្ដេចតេជោបានរម្លឹកថា៖«ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ? កាលខ្ញុំចូលរួមប្រជុំអាស៊ានលើកដំបូងដែលជាការប្រជុំកំពូលអាស៊ានលើកទី៣ នៅហ្វីលីពីនឆ្នាំ១៩៩៩ ខ្ញុំជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន ១០ គឺមានអាយុ៤៧ឆ្នាំ»។
សម្ដេចតេជោមានប្រសាសន៍ថា៖«ពេលនេះការប្រជុំកំពូលលើកទី ៤៣ ដែលឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ាន ១១ រាប់ទាំងទីម័រខាងកើត។ ពេលនេះ ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ»។
សម្ដេចតេជោ ហ៊ុន សែន បានជូនពរថ្នាក់ដឹកនាំអាស៊ាន ដែលជាមិត្តចាស់យូរឆ្នាំ និងសូមគោរពលាពីចម្ងាយ។
សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅនៅ រដ្ឋធានីហ្សាការតា ចាប់ពីថ្ងៃទី ៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ៕







