ចិន ៖ ទីភ្នាក់ងារសន្តិសុខជាន់ខ្ពស់របស់ប្រទេសចិន បានលើកឡើងថា ជំនួបណាមួយ រវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ នឹងអាស្រ័យលើសហរដ្ឋអាមេរិក ដែលត្រូវ«បង្ហាញពីភាពស្មោះត្រង់គ្រប់គ្រាន់សមនឹងទទួលយកបាន»។
មេដឹកនាំកំពូលរបស់អាមេរិក លោក បៃដិន កាលពីថ្ងៃអាទិត្យ (ទី៣ ខែកញ្ញា) បានសម្តែងនូវការខកចិត្តដែលលោក ស៊ី មិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង២០ ឬ G20 នាពេលខាងមុខ នៅប្រទេសឥណ្ឌា ប៉ុន្តែលោកបានព្រលយពាក្យថា លោកនឹងជួបជាមួយលោកមេដឹកនាំកំពូលរបស់ប្រទេសចិនរូបនេះ។
បើទោះជាលោក បៃដិន មិនបានបញ្ជាក់លម្អិតក៏ដោយ ក៏ប៉ុន្តែឱកាសនាបន្ទាប់ដែលអំណោយផលដើម្បីឲ្យលោក បៃដិន អាចបានជួបពិភាក្សាជាមួយលោក ស៊ី ខណៈដែលប្រទេសទាំង២ ស្វះស្វែងរកនូវការធ្វើឲ្យមានស្ថិរភាពនៃទំនាក់ទំនងដែលមានបញ្ហា គឺនៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងខែវិច្ឆិកា។
តែយ៉ាងណាក្ដី ពាក់ព័ន្ធនឹងជំនួប ដែលអាចកើតមាន រវាងមេដឹកនាំនៃប្រទេសមហាអំណាចពិភពលោកទាំង២ នេះ ក្រសួងសន្តិសុខរដ្ឋចិន កាលពីថ្ងៃចន្ទ បានឲ្យដឹងតាមរយៈការបង្ហោះសារនៅលើគេហទំព័របណ្ដាញសង្គម WeChat របស់ខ្លួនថា៖ «ដើម្បីសម្រេចបានយ៉ាងពិតប្រាកដ រាប់តាំងពីកោះបាលី ទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនោះ សហរដ្ឋអាមេរិកត្រូវតែបង្ហាញភាពស្មោះត្រង់ឲ្យបានគ្រប់គ្រាន់ជាមុនសិន»។
អ្វីដែលក្រសួងសន្តិសុខរដ្ឋចិន បានលើកឡើងនោះ គឺសំដៅទៅលើជំនួបចុងក្រោយបង្អស់ រវាងលោក បៃដិន និងលោក ស៊ី នៅក្រៅកិច្ចប្រជុំកំពូល G20 នៅឯរមណីយដ្ឋាននៃកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកាឆ្នាំមុន។ តែក្នុងការបង្ហោះសាររបស់ខ្លួន ក្រសួងមិនបាននិយាយអំពីកិច្ចប្រជុំកំពូល APEC ទេ៕

